កំពង់ធំ៖ ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តកំពង់ធំ បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី «សេវាកម្មប្រណិត ជំនាញសេវាកម្មម្ហូបអាហារ-ភេសជ្ជៈ និងពិធីការជាតិ-អន្តរជាតិ» នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំ ដើម្បីពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈ និងលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍។



លោកជំទាវ វណ្ណ សេរីរ័ត្ន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ក្រសួងទេសចរណ៍បើកទូលាយកិច្ចសហការជាមួយសមាគមឧស្សាហកម្មទេសចរណ៍ គ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ព្រមទាំងវិស័យឯកជន ដើម្បីជំរុញការបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ចឱ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាព។
លោកជំទាវបានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះផ្តោតលើការពង្រឹងជំនាញវិជ្ជាជីវៈ និងការផ្តល់ឱកាសសិក្សាពេញមួយជីវិតដល់យុវជន ស្របតាមទស្សនទាន «បុគ្គលិកម្នាក់ ជំនាញមួយ» និង «សេវាមួយ ស្តង់ដាមួយ» របស់ក្រសួងទេសចរណ៍។
ជាមួយគ្នានេះ ឯកឧត្តម ហាន កុសល អភិបាលរងខេត្តកំពង់ធំ បានលើកឡើងថា វគ្គបណ្តុះបណ្តាលមានគោលបំណងលើកកម្ពស់គុណភាពសេវាកម្ម និងកសាងសមត្ថភាពធនធានមនុស្សក្នុងវិស័យទេសចរណ៍ ដោយផ្តល់ឱកាសដល់ម្ចាស់អាជីវកម្ម និងអ្នកបម្រើការងារទេសចរណ៍ សិក្សាអំពីស្តង់ដារសេវាកម្មប្រណិត។
ក្នុងវគ្គបណ្តុះបណ្តាល សិក្ខាកាមបានសិក្សាទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង ដូចជា ការស្វាគមន៍ភ្ញៀវ ការរៀបចំកន្លែងអង្គុយ ការណែនាំមុខម្ហូប ការទទួលការកុម្ម៉ង់ ការរៀបចំតុ និងការបម្រើម្ហូបអាហារ-ភេសជ្ជៈ ព្រមទាំងការរៀបចំវិក្កយបត្រ និងនីតិវិធីប្រតិបត្តិការស្តង់ដារផ្សេងៗ។
ក្រៅពីនេះ វគ្គបណ្តុះបណ្តាលក៏បានផ្តោតលើ ពិធីការជាតិ-អន្តរជាតិ ដើម្បីផ្តល់ចំណេះដឹងដល់អ្នកចូលរួមក្នុងការទំនាក់ទំនង ការរៀបចំពិធីការ និងការទទួលភ្ញៀវជាតិ និងអន្តរជាតិ ក្នុងកម្មវិធីផ្លូវការ និងព្រឹត្តិការណ៍នានា។
ការរៀបចំវគ្គបណ្តុះបណ្តាលនេះ ត្រូវបានចាត់ទុកថាជាផ្នែកមួយនៃការអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យទេសចរណ៍ តាមរយៈការបណ្តុះបណ្តាលជំនាញថ្មី និងបង្កើនជំនាញ (Reskilling and Upskilling) ដើម្បីរួមចំណែកធានាការផ្តល់សេវាទេសចរណ៍ និងបដិសណ្ឋារកិច្ចប្រកបដោយគុណភាព មានប្រសិទ្ធភាព និងស្តង់ដារខ្ពស់ ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕
អត្ថបទ៖ ឈិត សំបូរ
