ការប្រើប្រាស់ និងការបំពាក់ សញ្ញាសម្គាល់អតីតភាពឋានន្តរសក្ដិ សម្រាប់ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ និងនាយនគរបាលជាន់ខ្ពស់ ត្រូវបានរៀបចំឡើងដោយមានលក្ខណៈសម្គាល់ និងបទដ្ឋាននៃការបំពាក់ជាក់លាក់ តាមអនុក្រឹត្យលេខ១៧៧ ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥។

បើតាមអនុក្រឹត្យ សញ្ញាសម្គាល់អតីតភាពឋានន្តរសក្ដិនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ត្រូវបានបែងចែកជាពីរប្រភេទ ប្រភេទទី១ ធ្វើពីលោហធាតុពណ៌មាស មានរូបនាគក្បាលប្រាំដកពពារដោយរូបផ្កាយទ្រដោយកម្រងកួរស្រូវទាំងសងខាង ដែលម្ខាងៗមានគ្រាប់ស្រូវចំនួន១៦គ្រាប់ អមលម្អទ្រជារាងស្នែងក្របី ហើយមានក្បាច់កន្ទុយហង្សអមទាំងសងខាង ដោយមានបណ្តោយប្រវែង៦០មិល្លីម៉ែត្រ និងទទឹងប្រវែង ៣០មិល្លីម៉ែត្រ។

សូមកត់សម្គាល់ថា ការកំណត់អតីតភាពការងារសម្រាប់ប្រភេទទី១នេះ រួមមាន រយៈពេលចាប់ពី១៦ឆ្នាំឡើង មានរូបក្បាច់កន្ទុយហង្ស នៅទាំងសងខាង ដែលម្ខាងៗមានចំនួន៥សន្លឹក រយៈពេលចាប់ពី៨ឆ្នាំ ដល់ក្រោម១៦ឆ្នាំ មានរូបក្បាច់ កន្ទុយហង្សនៅទាំងសងខាង ដែលម្ខាងៗមានចំនួន៣សន្លឹក និងរយៈពេលក្រោម៨ឆ្នាំ មានរូបក្បាច់កន្ទុយហង្សនៅទាំងសងខាង ដែលម្ខាងៗមាន១សន្លឹក។

ចំពោះទីតាំងសញ្ញាសម្គាល់អតីតភាពឋានន្តរសក្តិប្រភេទ១ ត្រូវពាក់លើហោប៉ៅអាវខាងស្តាំផ្នែកខាងលើផ្លាកឈ្មោះ និងអត្តលេខសម្គាល់មន្ត្រីនគរបាលជាតិកម្ពុជានៃឯកសណ្ឋានធំលេខ១ ឯកសណ្ឋានធំលេខ២ ឯកសណ្ឋានលេខ៤ ឯកសណ្ឋានលេខ៥ ឯកសណ្ឋានលេខ៦ ឬត្រូវពាក់លើអាវផ្នែកខាងស្តាំខាងលើផ្លាកឈ្មោះនិងអត្តលេខនៃ ឯកសណ្ឋានធំលេខ៣។

ដោយឡែក ប្រភេទទី២ មានទម្រង់ និងក្បាច់ដូចសញ្ញាសម្គាល់អតីតភាពប្រភេទទី១ដែរ ប៉ុន្តែធ្វើពីក្រណាត់ប៉ាក់ពណ៌មាសលើក្រណាត់ពណ៌ខៀវចាស់រាងចតុកោណកែង មានបណ្តោយប្រវែង៦៥មិល្លីម៉ែត្រ និងទទឹងប្រវែង៣៥មិល្លីម៉ែត្រ ព្រមទាំងមានរឹមបន្ទាត់ពណ៌ខ្មៅព័ទ្ធជុំវិញទំហំ២មិល្លីម៉ែត្រ។ សញ្ញាសម្គាល់អតីតភាពឋានន្តរសក្តិប្រភេទ២នេះ ត្រូវពាក់លើហោប៉ៅអាវខាងស្តាំផ្នែកខាងលើផ្លាកឈ្មោះនិងអត្តលេខសម្គាល់មន្ត្រីនគរបាលជាតិកម្ពុជានៃឯកសណ្ឋានលេខ៧។

ចំពោះសញ្ញាសម្គាល់អតីតភាពឋានន្តរសក្ដិនាយនគរបាលជាន់ខ្ពស់វិញ ក៏មានពីរប្រភេទដូចគ្នាដែរ ដោយប្រភេទទី១ ធ្វើពីលោហធាតុពណ៌មាស មានរូបរាជសីហ៍ ទ្រដោយកម្រងកួរស្រូវទាំងសងខាង ដែលម្ខាងៗមានគ្រាប់ស្រូវចំនួន១៦គ្រាប់ អមលម្អទ្រជារាងស្នែងក្របី និងមានក្បាច់កន្ទុយហង្សអមទាំងសងខាង ដោយមានបណ្តោយប្រវែង៦០មិល្លីម៉ែត្រ និងទទឹងប្រវែង៣០មិល្លីម៉ែត្រ។

ត្រូវកត់សម្គាល់ដែរថា ចំពោះការកំណត់អតីតភាព គឺរយៈពេលចាប់ពី១២ឆ្នាំឡើង មានរូបក្បាច់កន្ទុយហង្ស នៅទាំងសងខាង ដែលម្ខាងៗមានចំនួន៥សន្លឹក រយៈពេលចាប់ពី៦ឆ្នាំ ដល់ក្រោម១២ឆ្នាំមានរូបក្បាច់កន្ទុយហង្សនៅទាំងសងខាង ដែលម្ខាងៗមានចំនួន៣សន្លឹក និងរយៈពេលក្រោម៦ឆ្នាំ មានរូបក្បាច់កន្ទុយហង្ស នៅទាំងសងខាងដែលម្ខាងៗមាន១សន្លឹក។

ដូចគ្នាដែរ សញ្ញាសម្គាល់អតីតភាពឋានន្តរសក្តិប្រភេទ១ ត្រូវពាក់លើហោប៉ៅអាវខាងស្តាំផ្នែកខាងលើផ្លាកឈ្មោះ និងអត្តលេខសម្គាល់មន្ត្រីនគរបាលជាតិកម្ពុជានៃឯកសណ្ឋានធំលេខ១ ឯកសណ្ឋានធំលេខ២ ឯកសណ្ឋានលេខ៤ ឯកសណ្ឋានលេខ៥ ឯកសណ្ឋានលេខ៦ ឬត្រូវពាក់លើអាវផ្នែកខាងស្តាំខាងលើផ្លាកឈ្មោះនិងអត្តលេខ នៃឯកសណ្ឋានធំលេខ៣។

Share.