កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះស្រាវជ្រាវ និងហៅម្ចាស់អាជីវកម្មលក់អាវយឺតម្នាក់មកធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ការលក់ដូរ បន្ទាប់ពីមានការបង្ហោះលក់អាវយឺតរំលេចដោយសារ និងពាក្យពេចន៍អសុរោះ គ្រោតគ្រាត ផ្ទុយនឹងសីលធម៌សង្គមនៅលើបណ្តាញសង្គម។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ក្រោមការណែនាំផ្ទាល់ពីលោក ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ ដោយមានកិច្ចសហការសម្របសម្រួលផ្នែកបច្ចេកទេសពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា កម្លាំងនគរបាលផែនការងារសន្តិសុខ រួមជាមួយអាជ្ញាធរក្រុងច្បារមន អធិការដ្ឋាននគរបាលក្រុង ប៉ុស្តិ៍នគរបាលរដ្ឋបាលរកាធំ និងក្រុមការងារគ្រប់គ្រងផ្សារកំពង់ស្ពឺ បានចុះត្រួតពិនិត្យផ្ទាល់ដល់ទីតាំងលក់ដូរ និងបានអញ្ជើញម្ចាស់ទំនិញឈ្មោះ ហៀង បញ្ញា ដែលជាម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ Sy Noth មកធ្វើការណែនាំ។

អាជីវកររូបនេះត្រូវបានតម្រូវឱ្យធ្វើកិច្ចសន្យានិងផ្តិតមេដៃ បញ្ឈប់ជាបន្ទាន់នូវការតាំងបង្ហាញ ការប្រពឹត្តិ ឬការលក់ដូរសម្លៀកបំពាក់ទាំងឡាយណាដែលមានរំលេចពាក្យពេចន៍មិនសមរម្យ ដូចជា «ធ្វើល្អបានអាចម៍», «ចាញ់ជាព្រះ ឈ្នះជាអញ», «ជេរអញ អញជេរវិញ» និងសារអសុរោះផ្សេងៗទៀត។ ក្នុងកិច្ចប្រតិបត្តិការនោះ សមត្ថកិច្ចរឹបអូសបានអាវយឺតដែលនៅសល់ក្នុងស្តុកចំនួន ១៥ អាវ ខណៈមួយចំនួនទៀតត្រូវបានលក់ចែកចាយបន្តទៅឱ្យម៉ូយ និងអ្នកប្រើប្រាស់រួចទៅហើយ។

ផ្អែកលើហេតុការណ៍នេះ អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចបានអំពាវនាវ និងសំណូមពរយ៉ាងទទូចដល់បងប្អូនអាជីវករទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋជាអ្នកទិញយកទៅប្រើប្រាស់ សូមកុំបន្តទិញ លក់ ឬចែកចាយ និងពាក់នូវផលិតផលសម្លៀកបំពាក់ដែលមានបោះពុម្ពសារមានពាក្យអសុរោះទាំងនេះនៅតាមសាធារណៈ ដែលជាហេតុនាំឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់តម្លៃសីលធម៌ វប្បធម៌ និងកិត្តិយសនៃសង្គមជាតិ៕

Share.