បាត់ដំបង៖ ស្ថានភាពទឹកស្ទឹងសង្កែកំពុងកើនឡើងខ្លាំង និងបានហូរកាត់ផ្នែកខ្លះនៃផ្លូវខេត្តលេខ១៥៦ ក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង ជាហេតុនាំឱ្យអាជ្ញាធរសម្រេចផ្អាកជាបណ្តោះអាសន្នចំពោះការធ្វើចរាចរណ៍របស់រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ ដើម្បីការពារសុវត្ថិភាព និងទប់ស្កាត់ការខូចខាតផ្លូវ។

រដ្ឋបាលស្រុកឯកភ្នំ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយស្ទឹងសង្កែ ជាពិសេសប្រជាពលរដ្ឋក្នុងឃុំសំរោងក្នុង ឃុំព្រែកនរិន្ទ ឃុំព្រែកខ្ពប និងឃុំព្រែកហ្លួង ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ខណៈកម្រិតទឹកកំពុងបន្តកើនឡើង។ អាជ្ញាធរបានណែនាំឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ជាពិសេសចំពោះសុវត្ថិភាពកុមារ ព្រមទាំងការពារទ្រព្យសម្បត្តិ សម្ភារ និងសត្វចិញ្ចឹម ដើម្បីជៀសវាងហានិភ័យដែលអាចកើតមានដោយសារស្ថានភាពទឹកជំនន់។

ជាមួយគ្នានេះ រដ្ឋបាលស្រុកបានសម្រេចផ្អាកជាបណ្តោះអាសន្នការធ្វើដំណើររបស់រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ លើផ្លូវខេត្តលេខ១៥៦ ចាប់ពីចំណុចគល់ស្ពានដូនទាវ រហូតដល់ចំណុចស្ពានព្រែកត្រប់ ស្ថិតក្នុងភូមិព្រែកត្រប់ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ។ ការផ្អាកនេះរួមមាន រថយន្តយីឌុប រថយន្តដឹកសម្ភារសំណង់ រថយន្តដឹកស្រូវ រថយន្តដឹកដី និងរថយន្តធុនធ្ងន់ផ្សេងៗទៀត ខណៈផ្នែកខ្លះនៃផ្លូវត្រូវបានទឹកហូរកាត់។

រដ្ឋបាលស្រុកបញ្ជាក់ថា វិធានការនេះធ្វើឡើងដើម្បីជៀសវាងការខូចខាតផ្លូវ និងការពារគ្រោះថ្នាក់ដែលអាចកើតឡើងក្នុងអំឡុងពេលស្ថានភាពទឹកជំនន់។ ចំពោះការអនុញ្ញាតឱ្យរថយន្តធុនធ្ងន់ធ្វើចរាចរណ៍ឡើងវិញ អាជ្ញាធរនឹងជូនដំណឹងនៅពេលក្រោយ ដោយផ្អែកលើស្ថានភាពទឹកជាក់ស្តែង។ អាជ្ញាធរក៏បានព្រមានថា ក្នុងករណីម្ចាស់ ឬអ្នកបើកបររថយន្តធុនធ្ងន់មិនអនុវត្តតាមការជូនដំណឹងនេះ អាចប្រឈមនឹងវិធានការឃាត់រថយន្តទុកជាបណ្តោះអាសន្ន៕

Share.