ភ្នំពេញ៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានបង្ហាញព័ត៌មានអំពីសំណល់យុទ្ធភណ្ឌដែលបន្សល់ទុកពីសង្គ្រាមនៅកម្ពុជា ក្នុងឆ្នាំ២០២៥ ជូនមន្ត្រីសេនានុព័ន្ធយោធា និងក្រុមអ្នកសង្កេតការណ៍អាស៊ាន ដើម្បីឱ្យភាគីពាក់ព័ន្ធបានស្វែងយល់កាន់តែច្បាស់ពីស្ថានភាព និងផលប៉ះពាល់ដែលនៅសេសសល់។
ការបង្ហាញនេះធ្វើឡើងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នៅទីបញ្ជាការ CMAC ដោយលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC ជាអ្នកធ្វើបទបង្ហាញ។ កម្មវិធីនេះក៏មានការចូលរួមពីលោកឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្ត្រ អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
តាមការបង្ហាញ សំណល់យុទ្ធភណ្ឌដែលនៅសេសសល់រួមមាន សំណល់គ្រាប់បែកចង្កោម គ្រាប់បែកដែលទម្លាក់ពីយន្តហោះ គ្រាប់ និងសម្ភារពាក់ព័ន្ធនឹងសារធាតុគីមី អាវុធគីមី និងសំណល់គ្រាប់ដ្រូនជាដើម។ សំណល់ទាំងនេះត្រូវបានចាត់ទុកថាជាបញ្ហាប្រឈមសម្រាប់សុវត្ថិភាពប្រជាពលរដ្ឋ និងការប្រើប្រាស់ដីធ្លីសម្រាប់ការអភិវឌ្ឍ។
CMAC បានបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងក្នុងការបោសសម្អាតសំណល់យុទ្ធភណ្ឌនៅតាមតំបន់លំនៅដ្ឋាន និងតំបន់ដែលរងផលប៉ះពាល់ ដើម្បីកាត់បន្ថយហានិភ័យ និងធានាឱ្យប្រជាពលរដ្ឋអាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ខ្លួនប្រកបដោយសុវត្ថិភាព។
ជាមួយគ្នានេះ ការចូលរួមរបស់មន្ត្រីសេនានុព័ន្ធយោធា និងអ្នកសង្កេតការណ៍អាស៊ាន ត្រូវបានរំពឹងថានឹងជួយឱ្យមានការយល់ដឹងកាន់តែស៊ីជម្រៅអំពីស្ថានភាពជាក់ស្តែង និងជំរុញកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហាសំណល់យុទ្ធភណ្ឌ។
CMAC ឱ្យដឹងថា ផលប៉ះពាល់ពីសង្គ្រាមឆ្នាំ២០២៥ បានរាលដាលដល់ប្រមាណ ៣៤០ភូមិ លើផ្ទៃដីប្រមាណ៤៤១,០០០ហិកតា និងប៉ះពាល់ប្រជាពលរដ្ឋប្រមាណ៩១,០០០គ្រួសារ ដែលបង្ហាញពីទំហំបញ្ហាដែលត្រូវការការបោសសម្អាត និងដោះស្រាយជាបន្តបន្ទាប់៕
