ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត សុខ ទូច បានអំពាវនាវ និងជំរុញយ៉ាងទទូចឱ្យសាលាអន្តរជាតិទាំងអស់ដែលបើកដំណើរការនៅក្នុងប្រទេសកម្ពុជា ដាច់ខាតត្រូវតែមានកម្មវិធីសិក្សាភាសាខ្មែរចាប់ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី៩ ប្រសិនបើគ្មានកម្មវិធីសិក្សាភាសាជាតិនេះទេ គឺមិនគួរអនុញ្ញាតឱ្យបើកដំណើរការឡើយ ដើម្បីធានាថា កុមារ និងយុវជនកម្ពុជាគ្រប់រូបមានមូលដ្ឋានគ្រឹះភាសាជាតិខ្លួនឯងយ៉ាងរឹងមាំ។

លោកបណ្ឌិត សុខ ទូច លើកឡើងដូច្នេះនៅក្នុងវេទិកាពិភាក្សាសារព័ត៌មានស្ដីពី «ការប្រើភាសាខ្មែរ និងអក្ខរាវិរុទ្ធឱ្យបានត្រឹមត្រូវ : នរណាជាអ្នកទទួលខុសត្រូវ?» ដែលរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា សហការជាមួយក្រុមប្រឹក្សាជាតិភាសាខ្មែរ និងវិទ្យាស្ថានភាសាជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា កាលពីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា ភាសាគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីអត្តសញ្ញាណ វប្បធម៌ និងកិត្តិយសសង្គមជាតិទាំងមូល។ លោកបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសាលាអន្តរជាតិមួយចំនួន ដែលមិនបានបញ្ចូលកម្មវិធីសិក្សាភាសាខ្មែរ បណ្តាលឱ្យកូនចៅប្រជាពលរដ្ឋមួយចំនួនធំមិនចេះភាសាខ្មែរច្បាស់លាស់ និងដើរឃ្លាតឆ្ងាយពីសីលធម៌ ឬអាកប្បកិរិយាជាជនជាតិខ្មែរ ទោះបីជាពួកគេតែងតែប្រកាសអំពីមោទនភាពជាតិខ្លួនក៏ដោយ។ លោកបានសង្កត់ធ្ងន់ថា ការរៀនភាសាខ្មែរមិនត្រឹមតែជាការផ្ទេរចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែជាការហ្វឹកហាត់អាកប្បកិរិយា ចរិតលក្ខណៈ និងការរក្សាបាននូវភាពថ្លៃថ្នូរតាមបែបបទសង្គមខ្មែរផងដែរ។
ជាមួយគ្នានេះដែរ ប្រធានរាជបណ្ឌិត្យសភាកម្ពុជារូបនេះបានបន្ថែមថា ទន្ទឹមនឹងការជំរុញឱ្យពង្រឹងភាសាជាតិ រាជបណ្ឌិត្យសភាកម្ពុជាក៏បាននិងកំពុងរៀបចំបង្កើតកម្មវិធីសិក្សាភាសាអន្តរជាតិធំៗចំនួន ៦ (រួមមាន ភាសាបារាំង អង់គ្លេស រុស្ស៊ី អេស្ប៉ាញ ចិន និងអារ៉ាប់) ដើម្បីបំពាក់បំប៉នសមត្ថភាពប្រជាពលរដ្ឋឱ្យមានលទ្ធភាពប្រកួតប្រជែង និងទំនាក់ទំនងនៅលើឆាកអន្តរជាតិ ឬអង្គការសហប្រជាជាតិ ប៉ុន្តែរាល់ការរៀនសូត្រភាសាបរទេសទាំងនោះ គឺមិនត្រូវឱ្យបាត់បង់ ឬបំភ្លេចចោលនូវមូលដ្ឋានគ្រឹះនៃភាសាជាតិខ្លួនឯងជាដាច់ខាត៕
