តាមរយៈការផ្សាយរបស់សារព័ត៌មានថៃនាពេលថ្មីៗនេះបានឱ្យដឹងថា ការចូលចតនៃនាវាកងទ័ពជើងទឹកអាមេរិក USS Abraham Lincoln ដែលនាំមកជាមួយនូវកងទ័ពជើងទឹកជាង ៥ ០០០ នាក់ ដើម្បីមកសម្រាកកម្សាន្តនៅប្រទេសថៃ បានបង្ខំឱ្យប៉ូលិសក្រុងប៉ាតាយ៉ា ប្រញាប់ប្រញាល់បើកយុទ្ធនាការចាប់ប្រមូល និងបោសសម្អាតក្រុមអ្នករកស៊ីផ្លូវភេទនៅតាមបណ្តោយឆ្នេរប៉ាតាយ៉ាទាំងយប់ ក្នុងគោលបំណងលុបបំបាត់រូបភាពអាក្រក់ និងបិទបាំងមុខមាត់របស់ខ្លួនចំពោះមុខកងទ័ព និងភ្ញៀវទេសចរអន្តរជាតិ។ តើការប្រញាប់ប្រញាល់ប្រមូលមាន់ស្រែ ដែលមានទាំងបុរស នារី និងនារីកែភទេ ទាំងនោះ តែមួយភ្លែតមុនព្រឹត្តិការណ៍ធំមកដល់នេះ ជាការអនុវត្តច្បាប់ពិតប្រាកដ ឬគ្រាន់តែជាការធ្វើសម្តែងដើម្បីបិទបាំងភាពស្អុយរលួយនៃតំបន់ទេសចរណ៍មួយនេះ?

តាមការផ្សាយរបស់សារព័ត៌មានថៃ បានឱ្យដឹងទៀតថា កម្លាំងប៉ូលិសក្រុងប៉ាតាយ៉ា បានចុះប្រតិបត្តិការក្តៅគគុកដោយបានឃាត់ខ្លួនមនុស្សសរុបចំនួន ២៥ នាក់ ដែលកំពុងឈរជើងរកស៊ីផ្លូវភេទនៅតាមបណ្តោយឆ្នេរ។ ក្នុងនោះរួមមានជនជាតិថៃ ១៨ នាក់ ជនជាតិឡាវ ៥ នាក់ និងជនជាតិអ៊ូហ្គង់ដា ២ នាក់ ដោយអាជ្ញាធរបានអះអាងថា នឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់។ ប៉ុន្តែហេតុការណ៍នេះបានស្ដែងឱ្យឃើញយ៉ាងច្បាស់ពីទម្លាប់ធ្វើការបែបធូរលុងរបស់ថៃ ដែលទុកឱ្យសកម្មភាពល្មើសច្បាប់កើតឡើងយ៉ាងអនាធិបតេយ្យជារៀងរាល់ថ្ងៃ ទាល់តែខ្លាចបាក់មុខជាមួយកងទ័ពអាមេរិក ទើបប្រញាប់ប្រញាល់ចេញប្រមូលបែបនេះ។
យ៉ាងណាមិញ អ្វីដែលកាន់តែហួសចិត្តនោះគឺ បន្ទាប់ពីការចុះប្រមូលមនុស្សរួច អាជ្ញាធរថៃបែរជាបានអំពាវនាវឱ្យប្រជាពលរដ្ឋ និងអាជីវករក្នុងតំបន់ធ្វើខ្លួនជាម្ចាស់ផ្ទះល្អ គោរពច្បាប់ និងជួយរក្សាសណ្តាប់ធ្នាប់សុវត្ថិភាពសម្រាប់ភ្ញៀវទេសចរទៅវិញ។ ការទម្លាក់បន្ទុក និងការអំពាវនាវនេះ បានចោទជាសំណួរធំៗចំពោះប្រសិទ្ធភាព និងភាពស្មោះត្រង់នៃការអនុវត្តច្បាប់របស់ប៉ូលិសថៃ ព្រោះថាបញ្ហាប្រព្រឹត្តិអាជីវកម្មផ្លូវភេទខុសច្បាប់ និងការស្នាក់នៅខុសច្បាប់របស់ជនបរទេសនៅប៉ាតាយ៉ា បានកើតមានឡើងជាយូរយារណាស់មកហើយ ដោយមានការមើលរំលងពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច។

សូមជម្រាបថា នាវាកងទ័ពជើងទឹកអាមេរិក USS Abraham Lincoln នឹងធ្វើដំណើរចេញពីប្រទេសសិង្ហបុរីកាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញនេះ រួចចូលចតក្នុងប្រទេសថៃ ដើម្បីសម្រាកកម្សាន្តនៅលើទឹកដីនៃទីក្រុងសេវាកម្មផ្លូវភេទ។ អាជ្ញាធរក្រុងប៉ាតាយ៉ាបានដាក់ក្ដីរំពឹងថា ពលរដ្ឋក្នុងតំបន់ទេសចរណ៍មួយនេះអាចនឹងកើបចំណូលបានចន្លោះ១០០០-៣០០០ បាតក្នុងម្នាក់ៗ៕
