ឧត្តមសេនីយ៍ឯក ប្រាប៉ាស សុនចៃឌី បានចេញមុខបដិសេធ និងប្រតិកម្មយ៉ាងខ្លាំង ប្រឆាំងនឹងការចុះផ្សាយរបស់សារព័ត៌មានល្បីឈ្មោះបារាំង Le Figaro ជុំវិញទង្វើឈ្លានពាន និងការព្យាយាមបង្កើតសម្រេចនៅលើដីជាក់ស្ដែង លើទឹកដីអធិបតេយ្យរបស់កម្ពុជា។ ហេតុការណ៍នេះត្រូវបានអ្នកវិភាគមើលឃើញថា គឺជាស្តែងចេញនូវភាពទាល់ច្រក និងជាការខិតខំប្រឹងប្រែងទាំងត្រដរ ដើម្បីលាងជម្រះកំហុសរបស់ខ្លួននៅលើឆាកអន្តរជាតិ។

ប្រតិកម្មពីភាគីថៃបានកើតឡើង បន្ទាប់ពីឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា បានដកស្រង់ខ្លឹមសារចេញពីកាសែត Le Figaro ដោយបានគូសបញ្ជាក់យ៉ាងច្បាស់ថា ថៃគឺជាអ្នកឈ្លានពាន និងបានរំលោភបំពានកាន់កាប់ផ្នែកខ្លះនៃទឹកដីកម្ពុជា។ ជាការឆ្លើយតប លោកឧត្តមសេនីយ៍ឯក ប្រាប៉ាស សុនចៃឌី តំណាងគណៈកម្មាធិការសហប្រតិបត្តិការអន្តរជាតិ (JIC) របស់ថៃ បានចេញមុខបដិសេធ និងព្យាយាមបកស្រាយវាតទីនិយម ដោយលើកឡើងថា សន្ធិសញ្ញាសម័យអាណានិគម និងសាលក្រមតុលាការអន្តរជាតិ មិនគួរត្រូវបានយកមកពង្រីកវិសាលភាពគ្របដណ្តប់លើគ្រប់តំបន់ជម្លោះនោះឡើយ។
ប៉ុន្តែទោះជាយ៉ាងណា ការលើកឡើងរបស់ភាគីថៃត្រូវគេមើលឃើញថា គ្រាន់តែជាល្បិចកលបកស្រាយបំភាន់ភ្នែកសាធារណជនថៃតែប៉ុណ្ណោះ ។ មែនទែនទៅប្រទេសបារាំងគឺជាម្ចាស់ហត្ថលេខី និងជាអ្នករៀបចំផែនទីព្រំដែនប្រវត្តិសាស្ត្រ នាសម័យអាណានិគម។ ដូច្នេះការចុះផ្សាយរបស់ Le Figaro មិនមែនជាការប្រឌិតឡើយ ប៉ុន្តែវាជាការឆ្លុះបញ្ចាំងពីការពិតប្រវត្តិសាស្ត្រ ដែលបារាំងមានឯកសារយ៉ាងរឹងមាំ និងដឹងច្បាស់ថាខ្សែព្រំដែនស្របច្បាប់នៅត្រង់ណា។

យ៉ាងណាមិញ នោពេលដែលភាគីថៃអះអាងថា សាលក្រមតុលាការយុត្តិធម៌អន្តរជាតិ (ICJ) មិនគ្របដណ្តប់គ្រប់តំបន់នោះ គឺជាការសម្តែងនូវឥរិយាបថមិនគោរពច្បាប់អន្តរជាតិ និងព្យាយាមបកស្រាយសាលក្រមអន្តរជាតិ ស្របតាមតែផលប្រយោជន៍ និងការចង់បានរបស់ខ្លួនប៉ុណ្ណោះ។ ទង្វើឈ្លានពានជាក់ស្តែងមិនអាចបិទបាំងបានឡើយ ការទម្លាក់កំហុស និងការព្រមានថាប្រជាជនតាមព្រំដែននឹងទទួលបន្ទុកនោះ បានស្ដែងពីការគំរាមកំហែង និងបង្វែរដានពីទង្វើពិតប្រាកដរបស់យោធាថៃ ដែលបាន និងកំពុងរំលោភលើស្មារតីឈប់បាញ់ ដោយការសាងសង់សំណង់រឹង និងរៀបចំទូកុងតឺន័ររំលោភចូលទឹកដីកម្ពុជា។
ដូចនេះ ការដែលសារព័ត៌មានអន្តរជាតិ និងមានវិជ្ជាជីវៈខ្ពស់ដូចជា Le Figaro ចេញផ្សាយអាក្រាតកាយពីសកម្មភាពឈ្លានពានរបស់ថៃ គឺជាសាក្សីបញ្ជាក់យ៉ាងច្បាស់ថា ពិភពលោកបាន និងកំពុងមើលឃើញយ៉ាងច្បាស់ពីអំពើអយុត្តិធម៌ និងការរំលោភបំពានដែនអធិបតេយ្យ ដែលកម្ពុជាកំពុងរងគ្រោះ ហើយភាគីថៃមិនអាចប្រើតែពាក្យបដិសេធ ដើម្បីបិទបាំងការពិតដែលកើតឡើងនៅលើដីបានឡើយ៕
