នៅលើការចេញផ្សាយព័ត៌មានរបស់សារព័ត៌មាន Bangkok Post ដោយបានផ្អែកលើទិន្នន័យពិភពលោក World Population Review ដែលបានទម្លាយថា «ប្រទេសថៃជាប់ចំណាត់ថ្នាក់លេខ១ លើពិភពលោកខាងអត្រាភាពមិនស្មោះត្រង់ តាមរយៈសកម្មភាពភូតភរកុហក ការផិតក្បត់រវាងប្តីប្រពន្ធ ដោយមានរហូតដល់ ៥១%» នោះមិនត្រឹមតែជាការបើកកាយនូវវិបត្តិសីលធម៌ និងសង្គមដ៏ធ្ងន់ធ្ងរនៅក្នុងប្រទេសនេះប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាលាតត្រដាងយ៉ាងចំៗទៅកាន់ក្រុមអ្នកនយោបាយ និងប្រព័ន្ធផ្សព្វផ្សាយថៃមួយចំនួន ដែលតែងតែលើកតម្កើងខ្លួនឯងថាជា «ជាតិសាសន៍មានសីលធម៌ខ្ពង់ខ្ពស់» ហើយព្យាយាមរិះគន់ ឬវាយប្រហារលើតម្លៃសង្គមនៃបណ្តាប្រទេសជិតខាងខ្លួន។

តួលេខលើសពីពាក់កណ្តាល (៥១%) នៃជនជាតិថៃដែលបានរៀបការហើយ បានសារភាពដោយត្រង់ៗថា ធ្លាប់លួចលាក់មានទំនាក់ទំនងផ្លូវភេទក្រៅប្រព័ន្ធអាពាហ៍ពិពាហ៍។ នេះគឺជាតួលេខដ៏រន្ធត់មួយដែលឆ្លុះបញ្ចាំងពី ការបាក់បែកគ្រឹះសីលធម៌សង្កម និងគ្រួសារ។ សង្គមមួយដែលមនុស្សភាគច្រើនមើលរំលងភាពស្មោះត្រង់ក្នុងគ្រួសារ នោះគឺជាសង្គមដែលកំពុងប្រឈមមុខនឹងការធ្លាក់ចុះនៃសីលធម៌រស់នៅយ៉ាងធ្ងន់ធ្ងរ។

មួយវិញទៀត សង្គមថៃនាពេលសព្វថ្ងៃនេះកំពុងតែរស់នៅក្នុងភាពផ្ទុយគ្នារវាងរូបភាពខាងក្រៅ និងការពិតខាងក្នុង ខណៈពេលដែលភាគីថៃតែងតែប្រើប្រាស់វប្បធម៌អួតអាង និងរិះគន់សីលធម៌អ្នកដទៃធ្វើជាខែលបិទបាំងសីលធម៌ខ្វះខាតរបស់ខ្លួន នោះការពិតជាក់ស្តែងដែលចេញពីទិន្នន័យអន្តរជាតិបានបង្ហាញយ៉ាងច្បាស់ថា ផ្ទះរបស់ខ្លួនឯងកំពុងមានស្នាមប្រឡាក់យ៉ាងជ្រៅ។

យ៉ាងណាមិញក្នុងចំណោមប្រទេសទាំង ១០ ដែលមានអត្រាផិតក្បត់ខ្ពស់ជាងគេលើពិភពលោក ថៃជាប្រទេសតែមួយគត់នៅតំបន់អាស៊ី ដែលមានឈ្មោះក្នុងបញ្ជីនេះ ខណៈ ៩ ប្រទេសទៀតសុទ្ធតែជាប្រទេសនៅអឺរ៉ុប និងអាមេរិកខាងជើង។

ប្រព័ន្ធផ្សព្វផ្សាយ និងសង្គមថៃគួរណាស់តែប្រើប្រាស់ពេលវេលានេះ ដើម្បីងាកមកឆ្លុះកញ្ចក់មើល និងកែប្រែវិបត្តិផ្ទៃក្នុងរបស់ខ្លួន ជាជាងការចំណាយពេលព្យាយាមវាយប្រហារ ឬមើលស្រាលប្រទេសជិតខាង។ ការកសាងកិត្តិយសនៅលើឆាកអន្តរជាតិ មិនមែនកើតឡើងតាមរយៈការឃោសនាអួតអាងគ្មានមូលដ្ឋានច្បាស់លាស់នោះទេ ប៉ុន្តែវាផ្តើមចេញពីសីលធម៌ និងភាពស្មោះត្រង់ពិតប្រាកដនៅក្នុងគ្រួសារ និងសង្គមជាតិថៃខ្លួនឯងជាមុនសិន៕

Share.