នយោបាយបិទខ្ទប់ និងភាពមិនប្រាកដប្រជានៅតាមព្រំដែនជាមួយកម្ពុជា កំពុងរុញច្រានឱ្យសេដ្ឋកិច្ចថៃជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ខណៈទំនុកចិត្តរបស់អ្នកវិនិយោគបរទេសធ្លាក់ចុះជាលំដាប់។ ជាក់ស្តែង ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុន Toyota បានសម្រេចចិត្តបង្វែរទិសដៅវិនិយោគ ដោយចាក់បញ្ចូលទឹកប្រាក់បន្ថែមរហូតដល់ ២៨៣ លានដុល្លារអាមេរិក (ប្រមាណ ៩,៣ ពាន់លានបាត) ដើម្បីពង្រីកមូលដ្ឋានផលិតកម្មរថយន្តអគ្គិសនី និងរថយន្ត Hybrid នៅប្រទេសវៀតណាមជំនួសវិញ។

គម្រោងពង្រីកការវិនិយោគរបស់ក្រុមហ៊ុន Toyota Motor Vietnam ទទួលបានការអនុម័តជាផ្លូវការលើដីទំហំ ២៨,៦ ហិកតា នៅក្នុងខេត្ត Phu Tho ប្រទេសវៀតណាម ដែលមានសមត្ថភាពផលិតរថយន្តប្រមាណ ៥២,០០០ គ្រឿងក្នុងមួយឆ្នាំ។ ការសម្រេចចិត្តដើរចេញពីការផ្ដោតលើថៃ មកពង្រីកខ្លួននៅវៀតណាមនេះ បានស្ដែងឱ្យឃើញពីចំណុចសំខាន់ៗ៖
ការបាត់បង់ប្រៀបប្រកួតប្រជែងរបស់ថៃ
ការកើនឡើងនៃហានិភ័យនយោបាយ និងការបិទព្រំដែនរាំងស្ទះដល់ខ្សែច្រវាក់ផ្គត់ផ្គង់បានធ្វើឱ្យថៃបាត់បង់ភាពទាក់ទាញក្នុងនាមជាដេប៉ូផលិតរថយន្តនៃអាស៊ី។

សេដ្ឋកិច្ចវៀតណាមទទួលបានផលប្រយោជន៍ដ៏ធំធេង
គម្រោងនេះនឹងចាប់ផ្តើមសាងសង់រោងចក្របាញ់ថ្នាំពណ៌ និងរោងចក្រស្ពៃនៅខែឧសភា ឆ្នាំ ២០២៧ ហើយគ្រោងប្រតិបត្តិការពេញលេញនៅឆ្នាំ ២០២៩ ដែលនឹងបង្កើតការងាររាប់ពាន់កន្លែង ព្រមទាំងបង្កើនចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់វៀតណាម។
ការផ្លាស់ប្តូរយុទ្ធសាស្ត្រតំបន់លោក Osamu Hirata អគ្គនាយក Toyota Vietnam បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការប្រើប្រាស់គ្រឿងបន្លាស់ក្នុងស្រុក និងពង្រឹងបណ្តាញផ្គត់ផ្គង់នៅក្នុងប្រទេសវៀតណាម ដែលជាសញ្ញាព្រមានថា វៀតណាមកំពុងដណ្តើមយកតំណែងមជ្ឈមណ្ឌលឧស្សាហកម្មយានយន្តជំនាន់ថ្មីពីថៃ។
ទង្វើ និងនយោបាយគាបសង្កត់តាមព្រំដែនរបស់អាជ្ញាធរថៃ មិនត្រឹមតែមិនអាចធ្វើឱ្យប្រទេសជិតខាងរង្គោះរង្គើនោះទេ ប៉ុន្តែផ្ទុយទៅវិញ វាបានក្លាយជា «អាវុធមុខពីរ» ដែលកំពុងចាក់សម្លាប់សេដ្ឋកិច្ចខ្លួនឯង។ ការបាត់បង់គម្រោងវិនិយោគកម្រិតពិភពលោកទៅឱ្យប្រទេសជិតខាងដូចជាវៀតណាម គឺជាមេរៀនសេដ្ឋកិច្ចដ៏ជូរចត់ដែលថៃកំពុងទទួលរងគ្រោះដោយសារតែការសម្រេចចិត្តខុសឆ្គងរបស់ខ្លួន។
