អ្នកជំនាញ និងជាប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ បានគូសបញ្ជាក់យ៉ាងច្បាស់អំពីភាពខុសគ្នារវាង «ការខ្ចីពាក្យ» និង «ការប្រើភាសាលាយ» ដោយបានពន្យល់ថា ការខ្ចីពាក្យបរទេសមកប្រើប្រាស់ គឺធ្វើឡើងដោយសារភាសាដើមពុំទាន់មានពាក្យសមស្របសម្រាប់ហៅ ឬសម្គាល់ ខណៈការប្រើភាសាលាយ គឺជាទម្លាប់ ឬជាចំណង់ចំណូលចិត្តបុគ្គលរបស់អ្នកនិយាយតែប៉ុណ្ណោះ។

នៅក្នុងវេទិកាពិភាក្សាស្ដីពី «ការប្រើប្រាស់ភាសាខ្មែរ ៖ នរណាជាអ្នកទទួលខុសត្រូវ?» កាលពីថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការខ្ចីពាក្យពីភាសារបរទេស គឺជាដំណើរការនៃការទទួលយកពាក្យពេចន៍ ឬបច្ចេកសព្ទថ្មីៗមកបំពេញចន្លោះប្រហោងនៃភាសាជាតិ ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃសង្គម បច្ចេកវិទ្យា និងវិទ្យាសាស្ត្រ។ ពាក្យខ្ចីទាំងនោះ ត្រូវបានរៀបចំបញ្ចូលទៅក្នុងប្រព័ន្ធភាសាផ្លូវការ មានភាពស្ថិតស្ថេរ និងត្រូវបានទទួលស្គាល់ឱ្យប្រើប្រាស់ជាទូទៅក្នុងសង្គម ដូចជាពាក្យ «ឌីជីថល» ជាដើម។
ដោយឡែក ឯកឧត្តមបណ្ឌិតសភាចារ្យ បានបន្តពន្យល់ថា ការប្រើប្រាស់ភាសាលាយ ឬការនិយាយខ្មែរលាយឡំ នឹងបរទេសវិញនោះ គឺពុំមែនជាបទដ្ឋានភាសាផ្លូវការឡើយ ប៉ុន្តែវាជាទម្លាប់ ឬជាឥរិយាបថរបស់អ្នកនិយាយ ដែលតែងតែជ្រើសរើសប្រើប្រាស់ពាក្យបរទេសមកជំនួសពាក្យខ្មែរ បើទោះបីជាពាក្យទាំងនោះមាននៅក្នុងភាសាខ្មែរក៏ដោយ។ ការនិយាយលាយឡំគ្នានេះ ច្រើនកើតឡើងដោយសារភាពស្និទ្ធស្នាល ការធ្លាប់មាត់ ការនឹកឃើញពាក្យបរទេសលឿនជាង ឬដើម្បីភាពងាយស្រួលយល់ភ្លាមៗនៅក្នុងរង្វង់ការងារ និងកិច្ចសន្ទនាប្រចាំថ្ងៃ។
ទន្ទឹមនឹងនេះ ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ រូបនេះបានសង្កត់ធ្ងន់ថា សង្គមគួរមានការយល់ដឹង និងខណ្ឌចែកឱ្យដាច់ស្រឡះរវាងបាតុភូតទាំងពីរនេះ ដើម្បីចៀសវាងការភ័ន្តច្រឡំ និងរួមចំណែកក្នុងការថែរក្សា អភិវឌ្ឍ និងប្រើប្រាស់ភាសាជាតិឱ្យបានត្រឹមត្រូវទៅតាមបរិបទ និងកម្រិតផ្លូវការ៕
