ភ្នំពេញ៖ ប្តីប្រពន្ធ២នាក់ ដែលសង្ស័យពាក់ព័ន្ធករណីលួចយកទូរស័ព្ទដៃនៅហាងកាហ្វេមួយកន្លែង ក្នុងខណ្ឌបឹងកេងកង ត្រូវបានសមត្ថកិច្ចស្រាវជ្រាវតាមឃាត់ខ្លួនបាន ក្រោយហេតុការណ៍កើតឡើងមិនបានប៉ុន្មានថ្ងៃ។

ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោងប្រមាណ១១៖៣០នាទី ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ដោយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី៣ និងកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានឈានដល់ការឃាត់ខ្លួនជនសង្ស័យ២នាក់ បន្ទាប់ពីធ្វើការស្រាវជ្រាវ និងអនុវត្តវិធានការជំនាញ ពាក់ព័ន្ធករណីលួចយកទូរស័ព្ទដៃ ដែលបានកើតឡើងនៅវេលាម៉ោងប្រមាណ៥៖២៥នាទីល្ងាច ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ នៅចំណុចហាងកាហ្វេយីហោ «សិស្សច្បងកាហ្វេ» ផ្លូវលេខ១១៣ កែងផ្លូវលេខ៣៧៦ ភូមិ០៥ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ជនសង្ស័យទាំង២នាក់ រួមមានឈ្មោះ អេង ដាណេ ភេទស្រី អាយុ២៥ឆ្នាំ និងឈ្មោះ ហ៊ុយ សត្យា ភេទប្រុស អាយុ៣៣ឆ្នាំ ជាប្តីប្រពន្ធ មានទីលំនៅបច្ចុប្បន្ននៅផ្ទះជួលក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

ក្នុងប្រតិបត្តិការស្រាវជ្រាវនេះ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមានម៉ូតូ Honda Dream C125 ស៊េរីឆ្នាំ២០២៦ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1MG-2802 ចំនួន១គ្រឿង, ទូរស័ព្ទដៃម៉ាក Oppo A16 ពណ៌ខ្មៅ ចំនួន១គ្រឿង ជារបស់ជនសង្ស័យ និងទូរស័ព្ទដៃម៉ាក iPhone 14 Pro ពណ៌ស ចំនួន១គ្រឿង ជារបស់ជនរងគ្រោះ។

ក្រោយទទួលបានព័ត៌មាន និងបន្តស្រាវជ្រាវតាមវិធានការជំនាញ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកដែលសង្ស័យពាក់ព័ន្ធនឹងសកម្មភាពលួច និងនាំយកមកអនុវត្តនីតិវិធីតាមច្បាប់។ បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ និងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទ៖ចតុម្មុខ

Share.