នាពេលថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយរបស់ថៃកំពុងបង្កព្យុះភ្លៀងយ៉ាងក្ដៅគគុកនៅលើបណ្ដាញសង្គម ដោយប្រឌិតព័ត៌មានញុះញង់ចោទប្រកាន់ថា អាជីវករខ្មែរឆ្លងដែនខុសច្បាប់ទៅរកស៊ីលក់ដូរនៅច្រក «ឆងចម» ជាប់តំបន់ព្រំដែនអូស្មាច់ ខេត្តឧត្តរមានជ័យ បង្កឱ្យពលរដ្ឋខ្លួនស្រែកឡាំប៉ាដោយគ្មានវិចារណញ្ញាណ។ ពលរដ្ឋថៃខ្លះបានចោទប្រកាន់មកភាគីកម្ពុជាទាំងងងឹតងងល់ថា តើអាជីវករខ្មែរអាចចូលមកលក់នៅតំបន់នោះដោយវិធីណា? ឬមួយក៏ត្រូវសំពះអង្វរអាជ្ញាធរថៃដើម្បីសុំចូលមកលក់ដូរជាដើម?

ហេតុការណ៍នេះត្រូវបានគេមើលឃើញពីចេតនារបស់ប្រព័ន្ធផ្សព្វផ្សាយថៃ ដែលព្យាយាមញុះញង់គ្រប់មធ្យោបាយដើម្បីឱ្យភាគីកម្ពុជាក្ដៅស្លឹកត្រចៀក និងដើម្បីបង្កឱ្យមានការផ្ទុះអាវុធនៅជុំទី៣ក្នុងចេតនាបំពេញមហិច្ឆតាឈ្លានពានទឹកដីកម្ពុជា។ សារព័ត៌មានថៃបានរៀបចំឈុតឆាកសម្ដែង បង្ហាញពីសកម្មភាពចុះយកព័ត៌មាននៅតំបន់ព្រំដែន ដោយធ្វើឱ្យពលរដ្ឋថៃមើលឃើញរូបភាពថា មានអាជីវករខ្មែរចូលមកលក់ដូរអីវ៉ាន់ប្លែកៗយ៉ាងសេរីនៅតំបន់ផ្សារច្រកឆងចម ជាប់តំបន់ព្រំដែនអូស្មាច់ ខេត្តឧត្តរមានជ័យ ពោលគឺជាទីតាំងដែលកំពុងតែមានជម្លោះព្រំដែនជាមួយកម្ពុជា។

ប្រជាពលរដ្ឋថៃភាគច្រើនដែលមានទំនោរជាតិនិយមជ្រុល បានសម្តែងការមិនសុខចិត្ត និងចោទជាសំណួរធ្ងន់ធ្ងរថា ហេតុអ្វីបានជាអាជីវករខ្មែរជាច្រើននាក់អាចចូលមកបើកតូប លក់ដូរទំនិញបញ្ចុះតម្លៃ និងលក់រំដោះស្តុកនៅក្នុងទឹកដីថៃបានយ៉ាងរលូន ខណៈដែលច្រកទ្វារព្រំដែនត្រូវបានបិទដោយសារស្ថានការណ៍ប្រឈមមុខដាក់គ្នាផ្នែកយោធា? អ្វីដែលកាន់តែហួសចិត្ត និងស្តែងឱ្យឃើញពីភាពទន់ខ្សោយនៃប្រព័ន្ធច្បាប់ថៃនោះ គឺការលាតត្រដាងពីប្រជាពលរដ្ឋថៃខ្លួនឯង ដែលបានទម្លាក់ការសង្ស័យលើការប្រមូលលុយក្រោមតុ ឬការប្រើប្រាស់ «លុយទិញផ្លូវ» ដើម្បីឱ្យសមត្ថកិច្ចថៃបិទភ្នែកមើលរំលងថែមទៀតផង។

យ៉ាងណាមិញ ការពិតជាក់ស្ដែងដែលមិនអាចប្រកែកបាននោះគឺ នៅក្នុងស្ថានភាពដែលច្រកទ្វារព្រំដែនថៃ-កម្ពុជាត្រូវបានបិទដោយឯកតោភាគី និងមានការបង្កភាពតានតឹងពីសំណាក់យោធាថៃ នោះការដែលសារព័ត៌មានថៃខិតខំប្រឌិតរឿងរ៉ាវថា «មានអាជីវករខ្មែររាប់សិបនាក់ជិះយន្តហោះចុះនៅបាងកក រួចជិះរថយន្តបន្តមកលក់ដូរនៅឆងចម» ឬ «លួចចូលតាមច្រកព្រំដែនដោយប្រើលុយទិញផ្លូវ» នោះ ធាតុពិតគឺជាការរៀបចំឈុតឆាកដ៏គួរឱ្យអស់សំណើច និងខ្វះការពិតទាំងស្រុង។ មិនខុសអីប្រជាជនថៃមួយចំនួនចូលចិត្តរស់នៅក្នុងសាច់រឿងប្រឌិតបែបប្រលោមលោកដូចរឿងភាគថៃ រួចដើរលើកដៃចង្អុលអ្នកដទៃទាំងគ្មានមូលដ្ឋានពិតប្រាកដ។

សូមជម្រាបថា ការបំភ័ន្តព័ត៌មាន និងការប្រឌិតសាច់រឿងក្លែងក្លាយរបស់សារព័ត៌មានថៃ គឺជាសកម្មភាពញុះញង់សុទ្ធសាធ និងជាយុទ្ធសាស្ត្រ «ប្រឌិតព័ត៌មាន ចោទប្រកាន់ និងទម្លាក់កំហុស» មកលើកម្ពុជា ដើម្បីរកលេសពន្យារពេលមិនព្រមចូលតុចរចាជាមួយកម្ពុជា។ ប្រសិនបើថៃនៅតែបន្តទង្វើបំពានសេចក្ដីថ្លែងការណ៍រួមដែលមានកន្លងមកបែបនេះតទៅទៀតនោះ ច្បាស់ណាស់ថៃមិនអាចគេចផុតពីសំណាញ់ច្បាប់អន្តរជាតិបានឡើយ៕

Share.