អាជ្ញាធរឡាវបាន បន្តបើកយុទ្ធនាការបង្ក្រាបយ៉ាងក្តៅគគុកលើបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ដោយបានចាប់ខ្លួន និងធ្វើការបណ្តេញចេញជនជាតិថៃចំនួន ៣៤នាក់ (ប្រុស ២២នាក់ និងស្រី ១២នាក់) ប្រគល់ឱ្យទៅអាជ្ញាធរប្រទេសដើមវិញតាមច្រកស្ពានមិត្តភាពឡាវ-ថៃ កាលពីថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២៦។ នេះបើយោងតាមការចេញផ្សាយពីប្រភពព័ត៌មាន Amarin TV។

ផ្អែកតាមលទ្ធផលនៃការស៊ើបអង្កេត ក្រុមឧក្រិដ្ឋជនទាំងនេះបានសម្ងំជួលបន្ទប់សម្ងាត់នៅក្បែរកាស៊ីណូ St. Vegas ស្ថិតក្នុងភូមិ Dongphosy ស្រុក Hatxayfong ទីក្រុងវៀងចន្ទន៍ ដើម្បីប្រតិបត្តិការគេហទំព័រហ្គេមអនឡាញខុសច្បាប់ចំនួន ៦ ផ្សេងគ្នា ដោយអាចប្រមូលចំណូលបានចន្លោះពី ១៤,០០០ ទៅ ១៨,០០០ បាតក្នុងមួយខែៗ។ ការចុះឆ្មក់បង្ក្រាបទីតាំងខាងលើនេះ គឺជាផ្នែកមួយនៃប្រតិបត្តិការស្រាវជ្រាវយ៉ាងសកម្មដែលបានចាប់ផ្តើមតាំងពីថ្ងៃទី១៨ ខែកក្កដា មកម៉្លេះ។

គួរបញ្ជាក់ថា ប្រទេសឡាវបាន និងកំពុងរឹតបន្តឹងយ៉ាងខ្លាំងលើបទល្មើសស៊ីប័រ (Cyber Crime)។ គិតចាប់តាំងពីដើមឆ្នាំ២០២៦ មក អាជ្ញាធរឡាវបានឃាត់ខ្លួនជនសង្ស័យសរុបយ៉ាងតិច ៦,២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធអនឡាញ។ ដោយឡែក ត្រឹមតែសប្តាហ៍ចុងក្រោយនៃខែសីហា កន្លងទៅ នគរបាលឡាវ បានចុះបង្ក្រាបទីតាំង២ផ្សេងគ្នា ក្នុងស្រុក Xaysettha ដោយឃាត់ខ្លួនជនសង្ស័យបានរហូតដល់ ១៣៩នាក់ ក្នុងនោះ ១១៤នាក់ ចាប់ខ្លួននៅសណ្ឋាគារ Manggrove និង ២៥ នាក់ទៀត នៅរមណីយដ្ឋាន Glory Residents៕

Share.