ហាណូយ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាមបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ នេះថា តុលាការប្រជាជនក្រុងហូជីមិញ បានប្រកាសទោសប្រហារជីវិតមនុស្ស ១១នាក់ នៅក្នុងសំណុំរឿងជួញដូរគ្រឿងញៀនដ៏ធំបំផុតមួយនៅក្នុងប្រទេស។ ការស៊ើបអង្កេតលើករណីនេះបានចាប់ផ្តើម បន្ទាប់ពីបុគ្គលិកបម្រើការលើយន្ដហោះ ៤នាក់ត្រូវបានឃាត់ខ្លួន ក្រោយរកឃើញគ្រឿងញៀនដែលលាក់ នៅក្នុងថ្នាំដុសធ្មេញ កាលពីប៉ុន្មានឆ្នាំ២០២៣។ យោងតាមកាសែតអនឡាញ VnExpress បានឱ្យដឹងថា តុលាការប្រជាជនក្រុងហូជីមិញ បានសម្រេចផ្តន្ទាទោសប្រហារជីវិតលើជនជាប់ចោទចំនួន ១១នាក់ ពីបទជួញដូរគ្រឿងញៀន នៅក្នុងសំណុំរឿងដែលមានជនជាប់ចោទសរុបដល់ទៅ ២២៧នាក់។

សំណុំរឿងនេះបានកើតឡើងបន្ទាប់ពីការរកឃើញនូវគ្រឿងញៀនទម្ងន់ជាង ១០គីឡូក្រាម ដែលត្រូវបានលាក់នៅក្នុងប្រអប់ថ្នាំដុសធ្មេញចំនួន ១៥៧ប្រអប់ កាលពីខែមីនា ឆ្នាំ២០២៣ ។ គ្រឿងញៀនទាំងនោះត្រូវបានដឹកជញ្ជូនដោយអ្នកបម្រើការលើអាកាសរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines ចំនួន ៤រូប ដែលបានធ្វើដំណើរមកពីទីក្រុងប៉ារីស ប្រទេសបារាំង មកដល់អាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat ក្នុងក្រុងហូជីមិញ។
អាជ្ញាធរវៀតណាម បានកំណត់នៅពេលក្រោយថា ស្ត្រីទាំង ៤រូបនោះ បានដឹកជញ្ជូនគ្រឿងញៀនដោយមិនបានដឹងខ្លួនឡើយ។ បន្ទាប់មក ក្រុមអ្នកស៊ើបអង្កេត បានស្រាវជ្រាវរកឃើញ បណ្តាញជួញដូរឆ្លងដែន ដែលរត់ពន្ធគ្រឿងញៀនក្លែងបន្លំជា ទំនិញប្រើប្រាស់ទូទៅពីប្រទេសបារាំងចូលមកកាន់វៀតណាម។ យ៉ាងហោចណាស់ ជនជាប់ចោទ ២០នាក់ផ្សេងទៀត ត្រូវបានកាត់ទោសដាក់ពន្ធនាគារអស់មួយជីវិត ក្នុងសំណុំរឿងនេះ។

កាសែត VnExpress បានបន្តថា ព្រះរាជអាជ្ញាបានឱ្យដឹងថា សមាជិកនៃបណ្តាញនេះបានប្រើប្រាស់ប្រព័ន្ធសារសម្ងាត់ កាត់កុងធនាគារដែលចុះឈ្មោះក្រោមឈ្មោះអ្នកដទៃ និងសេវាដឹកជញ្ជូន ដើម្បីចែកចាយគ្រឿងញៀននៅទូទាំងភាគខាងត្បូងនៃប្រទេសវៀតណាម។ ទោះជាយ៉ាងណា ព័ត៌មានលម្អិតអំពីមេធាវីតំណាងឱ្យជនជាប់ចោទទាំង ១១នាក់ ដែលត្រូវផ្តន្ទាទោសប្រហារជីវិតនោះ មិនទាន់មាននៅឡើយទេ។ ប្រភពដដែលបានបន្ថែមថា ជនជាប់ចោទយ៉ាងហោចណាស់ ២០នាក់ផ្សេងទៀត នៅក្នុងសំណុំរឿងនេះត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត។

មែនទែនទៅ ការប្រកាសសាលក្រមនេះបានធ្វើឡើង នៅពេលដែលប្រទេសវៀតណាម កំពុងពិចារណាលើការផ្លាស់ប្តូរមួយចំនួនចំពោះការអនុវត្តទោសប្រហារជីវិត។ កាលពីខែមុន រដ្ឋាភិបាលបានស្នើឱ្យលុបចោលទោសប្រហារជីវិតចំពោះបទល្មើសចំនួន ៦ប្រភេទ រួមទាំងបទល្មើសជួញដូរគ្រឿងញៀន ដែលជាផ្នែកមួយនៃការកែសម្រួលក្រមព្រហ្មទណ្ឌផងដែរ។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ ការផ្លាស់ប្តូរដែលបានស្នើឡើងទាំងនេះ មិនទាន់ចូលជាធរមាននៅឡើយទេ៕
