ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានសម្រេចផ្អាកការងារបណ្ដោះអាសន្ន លោកវរសេនីយ៍ទោ រ៉ែន សុភក្តិ អធិការរងក្រុងប៉ោយប៉ែត នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងតម្រូវឱ្យបង្ហាញមុខរាល់ម៉ោងធ្វើការ នៅការិយាល័យបុគ្គលិក ពាក់ព័ន្ធករណីយករថយន្តដែលជាប់ពាក់ព័ន្ធនឹង Online Scams ទៅប្រើប្រាស់។


ការសម្រេចនេះ ត្រូវបានធ្វើឡើងតាមលិខិតរបស់ក្រសួងមហាផ្ទៃ ដែលចុះហត្ថលេខាដោយ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
តាមលិខិត ការផ្អាកការងារនេះ គឺធ្វើឡើងជា បណ្ដោះអាសន្ន ហើយលោកវរសេនីយ៍ទោ រ៉ែន សុភក្តិ ត្រូវបង្ហាញមុខនៅការិយាល័យបុគ្គលិក ក្នុងអំឡុងម៉ោងធ្វើការ។


កាលពីថ្ងៃទី២ កញ្ញា ម្សិលមិញ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ធ្លាប់បានបញ្ជាក់ថា ការសម្រេចផ្អាកការងារនេះ ពាក់ព័ន្ធនឹងករណីយករថយន្តដែលជាប់ពាក់ព័ន្ធនឹង Online Scams ទៅប្រើប្រាស់។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ការផ្អាកការងារនេះមានលក្ខណៈបណ្ដោះអាសន្ន ខណៈស្ថាប័នពាក់ព័ន្ធកំពុងបន្តពិនិត្យ និងចាត់ចែងតាមនីតិវិធីបន្ដ៕
