ត្បូងឃ្មុំ៖ អគារមណ្ឌលសុខភាពនាងទើតមួយខ្នង បានចាប់ផ្តើមបើកការដ្ឋានសាងសង់នៅឃុំនាងទើត ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដើម្បីបង្កើនភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងតំបន់ជុំវិញ ក្នុងការទទួលសេវាពិនិត្យ ព្យាបាល និងថែទាំសុខភាព។

ការបើកការដ្ឋាននេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ ព្រមទាំងមានការរៀបចំពិធីក្រុងពាលីតាមប្រពៃណី និងទំនៀមទម្លាប់របស់ប្រជាពលរដ្ឋខ្មែរ មុនចាប់ផ្តើមការដ្ឋានសាងសង់។ អគារមណ្ឌលសុខភាពនាងទើតនេះ ត្រូវបានសាងសង់ដោយមានការចូលរួមពីអង្គការភូមិសន្តិភាពអន្តរជាតិ នៃប្រទេសអាល្លឺម៉ង់ ក្នុងគោលបំណងឆ្លើយតបទៅនឹងតម្រូវការសុខាភិបាលរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ក្នុងឱកាសនោះ ឯកឧត្តម ចាយ បូរិន បានថ្លែងអំណរគុណដល់អង្គការភូមិសន្តិភាពអន្តរជាតិ ដែលបានចូលរួមគាំទ្រការសាងសង់មណ្ឌលសុខភាពនេះ ដោយចាត់ទុកថា វានឹងរួមចំណែកសំខាន់ក្នុងការលើកកម្ពស់សេវាសុខាភិបាល និងកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅទទួលសេវាព្យាបាលនៅតំបន់ឆ្ងាយ។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលនៅមូលដ្ឋាន គឺជាផ្នែកសំខាន់មួយក្នុងការលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ក៏ត្រូវយកចិត្តទុកដាក់លើគុណភាពសេវា ប្រសិទ្ធភាព និងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធានាថាប្រជាពលរដ្ឋទទួលបានសេវាសុខាភិបាលប្រកបដោយទំនុកចិត្ត។

ជាមួយគ្នានេះ ឯកឧត្តម ចាយ បូរិន បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន មន្ត្រីសុខាភិបាល និងភាគីពាក់ព័ន្ធ បន្តសហការគ្នាឱ្យបានជិតស្និទ្ធ ដើម្បីធានាថា ការសាងសង់អគារមណ្ឌលសុខភាពនាងទើតប្រព្រឹត្តទៅតាមបទដ្ឋានបច្ចេកទេស មានគុណភាព និងអាចប្រើប្រាស់បានយូរអង្វែង។

ឯកឧត្តមក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យបន្តចូលរួមថែរក្សាសន្តិភាព ស្ថិរភាព និងសាមគ្គីភាពជាតិ ជាពិសេសចំពោះបញ្ហាពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ ដោយរក្សាភាពស្ងប់ស្ងាត់ និងទុកចិត្តលើការដោះស្រាយរបស់រាជរដ្ឋាភិបាលតាមផ្លូវសន្តិវិធី និងច្បាប់អន្តរជាតិ៕

អត្ថបទ៖ អាចារ្យលាក់

Share.