ភ្នំពេញ៖ ភាគីបង្ក និងជនរងគ្រោះ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានជួបពិភាក្សា និងដោះស្រាយគ្នានៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ដោយឯកភាពគ្នាបញ្ចប់បញ្ហា ក្រោមការសម្របសម្រួលរបស់សមត្ថកិច្ច។

តាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ករណីនេះពាក់ព័ន្ធនឹងបុរសម្នាក់ឈ្មោះ ស្រស់ ថាវ័ន្ត ដែលត្រូវបានសមត្ថកិច្ចអនុវត្តដីកាបញ្ជាឱ្យចូលខ្លួនរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យអ្នកដទៃរងរបួស និងបើករថយន្តគេចចេញពីកន្លែងកើតហេតុ។
ក្រោយមានការជួបដោះស្រាយ ភាគីទាំងពីរបានពិភាក្សាគ្នាដោយឈរលើស្មារតីយោគយល់ និងអធ្យាស្រ័យ។ ជនរងគ្រោះបានស្នើសុំដកពាក្យបណ្តឹង និងឈប់ប្តឹងភាគីបង្ក ខណៈភាគីបង្កបានយល់ព្រមជួយដោះស្រាយសំណងថ្លៃព្យាបាលរបួសជូនជនរងគ្រោះ ដោយស្ម័គ្រចិត្ត និងមានការឯកភាពគ្នា។

បន្ទាប់មក សមត្ថកិច្ចបានធ្វើកំណត់ហេតុព្រមព្រៀងបញ្ចប់បញ្ហាប្តឹងផ្តល់គ្នា និងស្នើសុំគោលការណ៍ពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ជាលទ្ធផល ភាគីទាំងពីរត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។
សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅលើផ្លូវលេខ២៨៥ កែងផ្លូវលេខ៥២៨ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ដោយរថយន្តបុកម៉ូតូ បណ្តាលឱ្យអ្នកបើកបរម៉ូតូបាក់ដៃខាងឆ្វេង ហើយអ្នកបើកបររថយន្តបានបើកគេចចេញពីកន្លែងកើតហេតុ៕
