ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌដង្កោ បានឃាត់ខ្លួនបុរសជនជាតិកាណាដាម្នាក់ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត ដោយយកម៉ូតូរបស់នារីជនជាតិខ្មែរម្នាក់ទៅលក់។
ករណីនេះបានកើតឡើងកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង៨៖៤២នាទីព្រឹក នៅចំណុចបុរីពិភពថ្មី១ ផ្លូវលេខ១៣ ស្ថិតក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ជនរងគ្រោះឈ្មោះ ផុន រ៉ាក់ឃាង ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ។
ចំណែកជនសង្ស័យឈ្មោះ KHUANG XIU LI ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិកាណាដា មុខរបរជាវេជ្ជបណ្ឌិត ស្នាក់នៅខន់ដូ LA BELLE RESIDENCE ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។តាមការបញ្ជាក់របស់សមត្ថកិច្ច ជនរងគ្រោះ និងជនសង្ស័យជាអ្នករាប់អានគ្នា។
មុនពេលកើតហេតុ ម៉ូតូរបស់ជនរងគ្រោះមានបញ្ហា ហើយបានប្រាប់ទៅជនសង្ស័យ។ ជនសង្ស័យបានប្រាប់ថា ខ្លួនមានមិត្តភក្តិធ្វើការនៅក្រុមហ៊ុនហុងដា ម្តុំអាកាសយានដ្ឋានពោធិ៍ចិនតុង និងអាចយកម៉ូតូទៅជួសជុលឱ្យបាន។
នៅព្រឹកថ្ងៃទី២៤ ខែសីហា ជនសង្ស័យបានមកយកម៉ូតូពីជនរងគ្រោះ ដោយសន្យាថា នឹងយកមកប្រគល់វិញនៅវេលាម៉ោង៤៖៣០នាទីរសៀលថ្ងៃដដែល។ ដោយសារតែការរាប់អានគ្នា ជនរងគ្រោះក៏បានប្រគល់ម៉ូតូឱ្យជនសង្ស័យ។

ប៉ុន្តែដល់ពេលកំណត់ មិនឃើញជនសង្ស័យយកម៉ូតូមកវិញឡើយ។ ពេលជនរងគ្រោះទាក់ទងសួរនាំ ជនសង្ស័យបានប្រាប់ថា ម៉ូតូមិនទាន់ជួសជុលរួច ហើយក្រោយមកបានបិទទូរស័ព្ទ មិនអាចទាក់ទងបាន។ ជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស។
ក្រោយទទួលបានពាក្យបណ្តឹង សមត្ថកិច្ចបានស្រាវជ្រាវ រហូតដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង១០៖០០នាទីព្រឹក បានឃាត់ខ្លួនជនសង្ស័យនៅចំណុចខាងមុខហាងកាហ្វេ ផ្លូវបេតុង ស្ថិតក្នុងភូមិព្រៃសខាងកើត សង្កាត់ព្រៃស ខណ្ឌដង្កោ និងនាំមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ តាមនីតិវិធី។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកម៉ូតូរបស់ជនរងគ្រោះទៅលក់ឱ្យបុរសមិនស្គាល់ឈ្មោះម្នាក់ នៅម្តុំផ្សារខេមល ខណ្ឌមានជ័យ ក្នុងតម្លៃ១,៣៧០ដុល្លារអាមេរិក ហើយប្រាក់នោះបានយកទៅចំណាយអស់។

សមត្ថកិច្ចក៏បានដកហូតរថយន្តម៉ាក LEXUS ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2Z-8341 ចំនួន១គ្រឿង ព្រមទាំងវត្ថុតាងមួយចំនួនទៀត។បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕
