ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា ឯកឧត្តម នេត្រ ភក្ត្រា បានចេញមុខវាយបក និងលាតត្រដាងយ៉ាងស្រួចស្រាលចំពោះល្បិចកលការទូត និងសកម្មភាពរំលោភបំពានលើដីរបស់យោធាថៃ ដោយបានគូសបញ្ជាក់យ៉ាងច្បាស់ៗពីច្បាប់អន្តរជាតិថា «បទឈប់បាញ់ គឺមានន័យថា មិនរុលទៅមុខ មិនបង្កើតអង្គហេតុថ្មីលើដី និងមិនបង្កើតខ្សែបន្ទាត់ព្រំដែនថ្មី»។

ការឆ្លើយតបដ៏តឹងរ៉ឹងនេះ បានកើតឡើងបន្ទាប់ពីភាគីថៃបានព្យាយាមប្រើប្រាស់កថាខណ្ឌនៃ «ការរក្សាទីតាំងកងទ័ពបច្ចុប្បន្ន» មកធ្វើជាខែលការពារទង្វើខុសច្បាប់របស់ខ្លួន។ ឯកឧត្តម នេត្រ ភក្ត្រា បានចោទសួរជាសំណួរគន្លឹះទៅកាន់ភាគីថៃថា ៖ «តើបទឈប់បាញ់អាចប្រែក្លាយទឹកដីដែលត្រូវបានចូលកាន់កាប់ដោយខុសច្បាប់ដោយប្រើប្រាស់កម្លាំង ទៅជាទឹកដីស្របច្បាប់របស់អ្នកកាន់កាប់នោះបានឬទេ? ចម្លើយគឺវាមិនអាចទៅរួចឡើយ!»។
អង្គហេតុ និងទិដ្ឋភាពច្បាប់សំខាន់ៗចំនួន ៥ ចំណុច ដែលកម្ពុជាបានទះកំផ្លៀងទៅលើអំណះអំណាងក្រឡេចក្រឡុចរបស់ថៃ រួមមាន៖
១. ថៃមិនអាចជ្រើសយកតែកថាខណ្ឌដែលផ្តល់ផលប្រយោជន៍ឱ្យខ្លួនបានឡើយ។ កិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ត្រូវតែអនុវត្តជារួម។ ការបង្កកទីតាំងកងទ័ព (កថាខណ្ឌទី២) គឺជាវិធានការយោធាបណ្តោះអាសន្នដើម្បីបញ្ឈប់ការប្រយុទ្ធ ប៉ុន្តែវាមិនមែនជា «ការបង្កកអធិបតេយ្យភាព» ឬជាការទទួលស្គាល់ព្រំដែនថ្មីនោះទេ (កថាខណ្ឌទី៣)។
២. ក្រោយបទឈប់បាញ់ចូលជាធរមាន យោធាថៃបានរំលោភលើកថាខណ្ឌទី៦ ដោយបានលួចរុលចូលមកជម្រៅជ្រៅ បន្តរៀបចំរាំងលួសបន្លា ដាក់ទូកុងតឺន័រ ជីកលេណដ្ឋាន និងសង់បន្ទាយយោធាលើទឹកដីកម្ពុជា។ នេះជាសកម្មភាពខុសច្បាប់ដែលថៃព្យាយាមបង្កើត «អង្គហេតុថ្មីលើដីជាក់ស្ដែង» ដើម្បីប្លន់យកទឹកដីខ្មែរនាពេលក្រោយ។

៣. ប្រសិនបើថៃអះអាងថាខ្លួនគោរពកិច្ចព្រមព្រៀង និងមិនបានកាន់កាប់ដីខ្មែរខុសច្បាប់ តើហេតុអ្វីបានជាពលរដ្ឋកម្ពុជាជាង ២០,០០០ នាក់ មិនអាចវិលត្រឡប់ទៅផ្ទះសម្បែង និងដីស្រែចម្ការដើមវិញបាន? ការរារាំងនេះ (រំលោភកថាខណ្ឌទី៤) គឺជាការរំលោភសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។
៤. ថៃមិនអាចអះអាងថា កោតខ្លាច និងគោរពសេចក្តីថ្លែងការណ៍រួមផង ប៉ុន្តែបែរជាយកពាក្យ «ទីតាំងកងទ័ព» មកប្រើប្រាស់ដើម្បីក្រសោបយកដែនដីអធិបតេយ្យរបស់កម្ពុជាក្នុងពេលតែមួយបានឡើយ។ ទីតាំងយោធា គឺជាស្ថានភាពបណ្តោះអាសន្ន ខណៈព្រំដែនគឺជាទិដ្ឋភាពច្បាប់អន្តរជាតិ។
៥. គ្រប់ការរុលទៅមុខ ការសាងសង់ ឬការរៀបចំរបាំងសន្តិសុខរបស់ថៃលើដីកម្ពុជា មិនអាចបង្កើតសិទ្ធិអធិបតេយ្យភាពឱ្យថៃបានជាដាច់ខាត។ ការគ្រប់គ្រងដោយកម្លាំងបាយ មិនអាចប្រែជាកម្មសិទ្ធិស្របច្បាប់បានឡើយ।
រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា បានបញ្ជាក់បន្ថែមថា កម្ពុជាបានផ្ញើសារព្រមានចំៗទៅទីក្រុងបាងកកថា ប្រសិនបើថៃពិតជាមានឆន្ទៈគោរពសេចក្តីថ្លែងការណ៍រួមថ្ងៃទី២៧ ខែធ្នូ ប្រាកដមែននោះ ថៃត្រូវតែអនុវត្តឱ្យបានគឺ ដកថយពីការរុលទៅមុខ ឈប់បង្កើតអង្គហេតុថ្មីលើដី ឈប់រារាំងប្រជាពលរដ្ឋខ្មែរវិលត្រឡប់ទៅផ្ទះ និងត្រូវឈប់យកទីតាំងយោធាបណ្តោះអាសន្នមកធ្វើជាលេសទាមទារដែនដីកម្ពុជាតទៅទៀត៕
