អគ្គនាយករដ្ឋបាល នៃក្រសួងមហាផ្ទៃ បានគូសរំលេចថា ទោះបីជាក្រុមប្រឹក្សា និងរដ្ឋបាលឃុំ-សង្កាត់ក្នុងអាណត្តិទី៥ សម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់យ៉ាងណាក្តី ក៏ការអនុវត្តការងារកន្លងមកនៅតែជួបប្រទះបញ្ហាប្រឈម និងឧបសគ្គមួយចំនួន ជាពិសេសគឺករណីអនុវត្តគម្រោងខុសគោលដៅ និងខុសនីតិវិធី ដែលទាមទារឱ្យមានការពិនិត្យ និងដោះស្រាយជាយុទ្ធសាស្ត្រ។

ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ កាលពីព្រឹកថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ថា ការគ្រប់គ្រង និងការអនុវត្តគម្រោងមូលនិធិឃុំ-សង្កាត់ កន្លងមក នៅមានចន្លោះប្រហោងមួយចំនួនដែលត្រូវកែលម្អជាចាំបាច់។ ឯកឧត្តមបានលើកឡើងជាឧទាហរណ៍ជាក់ស្តែងអំពីករណីមិនប្រក្រតី ដូចជាការដំឡើងអំពូលភ្លើងសូឡាក្នុងតម្លៃខ្ពស់មិនសមរម្យ (រហូតដល់ ៨លានរៀល) ដែលការអង្កេតស្រាវជ្រាវរបស់អគ្គនាយកដ្ឋានរដ្ឋបាលបានរកឃើញថា បញ្ហាខុសឆ្គងនេះមិនមែនកើតឡើងត្រឹមតែក្នុងខេត្តកំពង់ឆ្នាំងមួយនោះទេ ប៉ុន្តែក៏មានស្ថានភាពស្រដៀងគ្នានេះនៅតាមបណ្តាខេត្តផ្សេងៗទៀតផងដែរ។
ទន្ទឹមនឹងនេះ ឯកឧត្តម សួស ប្រាថ្នា បានផ្តល់ការណែនាំយ៉ាងម៉ឺងម៉ាត់ទៅកាន់អភិបាលរាជធានី-ខេត្ត ទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ត្រួតពិនិត្យ និងតាមដានលើការអនុវត្តគម្រោងមូលនិធិឃុំ-សង្កាត់ឱ្យបានត្រឹមត្រូវ ច្បាស់លាស់ និងតម្លាភាពបំផុត។ ឯកឧត្តមបានដាស់តឿនបន្ថែមថា ប្រសិនបើពិនិត្យឃើញមានករណីអនុវត្តខុសគោលដៅ ខុសនីតិវិធី ឬមានភាពមិនប្រក្រតីណាមួយកើតឡើង ក្រសួងមហាផ្ទៃនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ជាធរមានដោយគ្មានការលើកលែងឡើយ ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព និងភាពស្អាតស្អំក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋនៅមូលដ្ឋាន៕
