ខេត្តអយុធ្យា៖ ករណីហិង្សាដ៏រន្ធត់មួយបានកើតឡើងនៅក្នុងបរិវេណសាលារៀនមួយកន្លែង ក្នុងស្រុកព្រះនគរស្រីអយុធ្យា ដោយអ្នកអនាម័យប្រចាំសាលារៀនវ័យ ៦៥ឆ្នាំម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម បន្ទាប់ពីត្រូវសន្តិសុខសាលាធ្វើការជាមួយគ្នាទាញកាំបិតចាក់សម្លាប់ ក្រោយផ្ទុះទំនាស់ពាក្យសម្តីគ្នាយ៉ាងតឹងសរសៃក។

អាជ្ញាធរមានសមត្ថកិច្ចបានការរាយការណ៍អំពីអំពើឃាតកម្មនេះនៅវេលាម៉ោងប្រមាណ ១២:០០ថ្ងៃត្រង់ ថ្ងៃទី៨ ខែកញ្ញា នៅក្នុងបរិវេណសាលារៀនមួយកន្លែងក្នុងឃុំប្រទូឆាយ ហើយបានប្រញាប់ប្រញាល់ចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុភ្លាមៗ អមដោយក្រុមសង្គ្រោះបន្ទាន់ និងគ្រូពេទ្យ។

ជនរងគ្រោះត្រូវបានអត្តសញ្ញាណកម្មថា ឈ្មោះ Thaweep Klinboonma អាយុ ៦៥ឆ្នាំ ជាបុគ្គលិកអនាម័យប្រចាំសាលា។ លោកត្រូវបានគេប្រទះឃើញដេកដួលសន្លប់ស្ដូកស្ដឹងក្នុងថ្លុកឈាមនៅឯក្បែរប៉ុស្តិ៍សន្តិសុខសាលា ដោយមានមុខរបួសចាក់យ៉ាងដំណំចំនួន ២កន្លែង មួយកន្លែងចំត្រង់ទ្រូងខាងឆ្វេង និងមួយកន្លែងទៀតចំឆ្អឹងជំនីរខាងឆ្វេង។ ទោះបីជាក្រុមសង្គ្រោះបានខិតខំផ្តល់ការសង្គ្រោះបឋម និងប្រញាប់ដឹកបញ្ជូនរូបគាត់ទៅកាន់មន្ទីរពេទ្យយ៉ាងណាក្តី ប៉ុន្តែដោយសារមុខរបួសធ្ងន់ធ្ងរពេក ជនរងគ្រោះក៏បានផុតដង្ហើមបាត់បង់ជីវិតតែម្ដង។

ចំណែកឯជនដៃដល់ត្រូវបានស្គាល់ថា ឈ្មោះ Anek ជាឆ្មាំសន្តិសុខប្រចាំសាលារៀនកើតហេតុ។ ភ្លាមៗបន្ទាប់ពីបានប្រព្រឹត្តសកម្មភាពនេះរួច ជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុ បង្កឱ្យសមត្ថកិច្ចបើកប្រតិបត្តិការតាមប្រមាញ់យ៉ាងក្តៅគគុក។ យ៉ាងណាមិញ ប៉ូលិសបានរាយការណ៍ថា ភ្នាក់ងារសមត្ថកិច្ចបានដេញជើង និងឃាត់ខ្លួនជនសង្ស័យឈ្មោះ Anek បានសម្រេច ហើយកំពុងបន្តការសាកសួរដេញដោលយ៉ាងម៉ត់ចត់ជុំវិញអង្គហេតុ និងដើមចមដែលនាំឱ្យឈានដល់អំពើឃាតកម្មដ៏សាហាវនេះ។

តាមការរៀបរាប់ពីអាជីវករលក់ដូរនៅទល់មុខសាលារៀនម្នាក់បានឱ្យដឹងថា នាងបានឃើញលោក Thaweep ដើរតម្រង់ទៅរក Anek បន្តិចមុនពេលកើតហេតុ ហើយអ្នកទាំង២ បានឈ្លោះទាស់ពាក្យសម្តីគ្នា ប៉ុន្តែនាងមិនបានឮច្បាស់ពីដើមចមនៃជម្លោះនោះឡើយ។ រំពេចនោះ ទំនាស់ពាក្យសម្តីបានប្រែជាអំពើហិង្សា ដោយអ្នកទាំង២ បានប្រកាប់ប្រចាក់វាយតប់គ្នា ក្រោយចាប់បំបែកគ្នារួច លោក Thaweep បានដើរត្រឡប់ចូលទៅក្នុងសាលាវិញ ប៉ុន្តែមួយសន្ទុះក្រោយមក ក៏បានដើរត្រឡប់មកកាន់ប៉ុស្តិ៍សន្តិសុខសារជាថ្មី។ ជម្លោះនោះក៏បានកើតឡើងសារជាថ្មី ដែលពេលនោះ Anek បានទាញកាំបិតចាក់ប្រហារលើជនរងគ្រោះបណ្តាលឱ្យគាត់ដួលសន្លប់ស្ដូកស្ដឹងក្នុងថ្លុកឈាមតែម្តង។

ហេតុការណ៍នេះបានបង្កការភ័យរន្ធត់យ៉ាងខ្លាំងដល់អាណាព្យាបាលសិស្សដែលរៀនក្នុងសាលានោះ។ ស្រ្តីជាអាណាព្យាបាលម្នាក់អាយុ ៥៩ ឆ្នាំ បានថ្លែងទាំងអួលដើមកថា គាត់បានប្រញាប់ប្រញាល់រត់មកសាលារៀនទាំងភ័យស្លន់ស្លោ ភ្លាមៗបន្ទាប់ពីបានឮដំណឹងនៃការចាក់សម្លាប់គ្នានេះ ដើម្បីមកទទួលចៅប្រុសស្រី ២នាក់ដែលកំពុងរៀនថ្នាក់មត្តេយ្យ និងថ្នាក់ទី១។ អ្វីដែលកាន់តែគួរឱ្យបារម្ភនោះគឺ សាលារៀនកំពុងតែរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា ដោយមានសិស្សានុសិស្សជាច្រើនកំពុងរត់លេងនៅខាងក្រៅថ្នាក់រៀន។ គាត់បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពរបស់កុមារ ត្បិតជនដៃដល់គឺជា បុគ្គលិកធ្វើការក្នុងសាលាស្រាប់ ហើយថែមទាំងកំពុងរត់គេចខ្លួនបាត់ស្រមោលនៅពេលនោះទៀតផង។

យោងតាមស្រ្តីម្នាក់ដែលស្គាល់បុរសទាំង២នាក់នោះច្បាស់បានឱ្យដឹងបន្ថែមថា ពួកគេតែងតែមានទំនាស់ពាក្យសម្តី និងទាស់ទែងគ្នាជាញឹកញាប់ ប៉ុន្តែគាត់មិនដែលនឹកស្មានដល់ទាល់តែសោះថា ជម្លោះប្រចាំថ្ងៃនោះនឹងរីករាលដាលរហូតឈានដល់សោកនាដកម្មចាក់សម្លាប់គ្នាយ៉ាងអាណោចអាធ័មបែបនេះ។

បច្ចុប្បន្ន មន្ត្រីស៊ើបអង្កេតនៃស្នងការដ្ឋាននគរបាល Phra Nakhon Si Ayutthaya កំពុងបន្តនីតិវិធីសាកសួរដេញដោលជនសង្ស័យ Anek យ៉ាងម៉ឺងម៉ាត់ ដើម្បីស្រាវជ្រាវស្វែងរកការពិត និងមូលហេតុពិតប្រាកដ រួចកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕

ប្រភព៖ Khaosod English

Share.