នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកទី២៥ កាលពីថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវគោលការណ៍ណែនាំសំខាន់ៗ និងជាកំហិត ដល់ក្រសួង-ស្ថាប័នជំនាញ រួមទាំងអាជ្ញាធរមូលដ្ឋាន ដើម្បីបង្កើនការយកចិត្តទុកដាក់ និងចាត់វិធានការឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះគ្រោះធម្មជាតិ និងបញ្ហាបាក់ច្រាំងទន្លេដែលកំពុងគំរាមកំហែងដល់ជីវភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។

ដើម្បីធានាបាននូវប្រសិទ្ធភាព និងភាពម្ចាស់ការលើការងារនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងរ៉ែ និងថាមពផ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងបរិស្ថានព្រមទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ បន្តតាមដាន និងវាយតម្លៃលើការប្រែប្រួលកម្រិតកម្ពស់ទឹក និងសភាពការណ៍បាក់ច្រាំងទន្លេនៅតាមតំបន់រងគ្រោះឱ្យបានជាប់ជាប្រចាំ។ ជាមួយគ្នានេះ ស្ថាប័នពាក់ព័ន្ធត្រូវរៀបចំផែនការអន្តរាគមន៍ជាស្រេចក្នុងការជម្លៀសប្រជាពលរដ្ឋចេញពីតំបន់ប្រឈមគ្រោះថ្នាក់ខ្ពស់ទៅកាន់ទីទួលសុវត្ថិភាព ឱ្យបានលឿននិងទាន់ពេលវេលាបំផុត ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋជាអាទិភាព។

បន្ថែមពីលើការងារសង្គ្រោះបន្ទាន់ សម្តេចនាយករដ្ឋមន្ត្រីក៏បានបញ្ជាឱ្យក្រសួង និងស្ថាប័នជំនាញពាក់ព័ន្ធ រួសរាន់សិក្សានិងអនុវត្តនូវដំណោះស្រាយបច្ចេកទេសក្នុងរយៈពេលវែង ដើម្បីទប់ស្កាត់ការបាក់ច្រាំងទន្លេឱ្យមានប្រសិទ្ធភាពខ្ពស់។ ក្នុងនោះដែរ ការសម្របសម្រួលកម្លាំងសរុប និងមធ្យោបាយសង្គ្រោះ ត្រូវតែរៀបចំឱ្យបានសកម្ម និងត្រៀមខ្លួនជាស្រេច ២៤ម៉ោង លើ ២៤ម៉ោង ដើម្បីចុះជួយអន្តរាគមន៍ក្នុងស្ថានភាពអាសន្ន ដោយមិនត្រូវបណ្តែតបណ្តោយឱ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះដោយខ្វះការយកចិត្តទុកដាក់នោះឡើយ៕

Share.