វិស័យឧស្សាហកម្មផលិតកម្មរបស់ប្រទេសថៃ កំពុងជួបប្រទះនឹងរលកនៃវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ដោយក្រុមហ៊ុន និងរោងចក្រធំៗជាច្រើននៅក្នុងវិស័យគ្រឿងបន្លាស់យានយន្ត សម្លៀកបំពាក់ ផលិតផលកៅស៊ូ និងប្លាស្ទិក បានប្រកាសផ្អាកប្រតិបត្តិការជាបន្តបន្ទាប់។ ការធ្លាក់ចុះយ៉ាងគំហុកនៃការបញ្ជាទិញ ការខាតបង់ថវិកាសរុប និងការកើនឡើងនៃថ្លៃដើមផលិតកម្ម បាននិងកំពុងដាក់សម្ពាធយ៉ាងខ្លាំងលើទីផ្សារការងារក្នុងស្រុករបស់ថៃ។

ទិន្នន័យទីផ្សារការងារក្នុងខែមិថុនា ឆ្នាំ២០២៦ បានបង្ហាញថា ចំនួនកម្មករនិយោជិតដែលរងផលប៉ះពាល់ពីការផ្អាកការងារបណ្តោះអាសន្នបានកើនឡើងរហូតដល់ ១៨,៩៩៨នាក់ ដែលជាការកើនឡើង ៥៨.០៨% បើប្រៀបធៀបនឹងខែឧសភា និងកើនឡើង ១៨.៦១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទោះបីជាចំនួនសហគ្រាសដែលផ្អាកប្រតិបត្តិការទាំងស្រុងមានការថយចុះបន្តិចក្តី ប៉ុន្តែក្រុមហ៊ុនជាច្រើនបានជ្រើសរើសវិធីសាស្ត្រផ្អាកប្រតិបត្តិការមួយផ្នែក​ដែលធ្វើឱ្យចំនួនកម្មករដែលត្រូវបាត់បង់ប្រាក់ចំណូលកើនឡើងយ៉ាងគំហុក។

ទាក់ទិននឹងបញ្ហានេះ ធនាគារកណ្តាលថៃ (BOT) បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានការណ៍នេះ ដោយសារក្រុមហ៊ុនជាច្រើនបានសម្រេចចិត្តប្រើយន្តការ មាត្រា ៧៥ នៃច្បាប់ការពារពលកម្ម ដើម្បីផ្អាកការងារបណ្តោះអាសន្ន។ មាត្រានេះតម្រូវឱ្យនិយោជកបង់ប្រាក់ឈ្នួលយ៉ាងតិច ៧៥% នៃប្រាក់ឈ្នួលប្រចាំថ្ងៃដល់កម្មករ ប៉ុន្តែអ្នកជំនាញព្រមានថា វិធានការបណ្តោះអាសន្នទាំងនេះ អាចនឹងប្រែជាការបិទទ្វាររោងចក្រជាអចិន្ត្រៃយ៍ ប្រសិនបើគ្មានដំណោះស្រាយសេដ្ឋកិច្ចច្បាស់លាស់ពីផ្លូវរដ្ឋទេនោះ។

ដើមចមនៃវិបត្តិនេះកើតចេញពីកត្តារចនាសម្ព័ន្ធ និងសម្ពាធទីផ្សារជាច្រើន ដោយវិស័យគ្រឿងបន្លាស់យានយន្តរងការប៉ះពាល់ខ្លាំងពីការផ្លាស់ប្តូរទៅប្រើប្រាស់យានយន្តអគ្គិសនី (EV) ដែលត្រូវការបំណែកតិចជាងរថយន្តប្រេងឥន្ធនៈ (ICE) រហូតដល់ទៅ ១០ដង។ ទន្ទឹមនឹងគ្នានេះ ឧស្សាហកម្មសម្លៀកបំពាក់កំពុងរងសម្ពាធពីការនាំចូលទំនិញតម្លៃថោកពីបរទេស ដោយការនាំចូលសម្លៀកបំពាក់សម្រេចបានកើនឡើង ១២.៣០% ខណៈដែលសន្ទស្សន៍ផលិតកម្មក្នុងស្រុកធ្លាក់ចុះ ២.១៨%។ ចំណែកឯឧស្សាហកម្មប្លាស្ទិក និងកៅស៊ូវិញ កំពុងប្រឈមនឹងការកើនឡើងនៃថ្លៃដើមវត្ថុធាតុដើម និងថាមពល ដោយសារជម្លោះអន្តរជាតិ ជាពិសេសការកើនឡើងថ្លៃដើមពី ៣០% ទៅ ៥០% នៃសារធាតុ Naphtha ដែលនាំចូលពីមជ្ឈិមបូព៌ា។

មែនទែនទៅ ការកើនឡើងនៃចំនួនកម្មកររងគ្រោះនេះ គឺជាសញ្ញាព្រមានមួយចង្អុលបង្ហាញពីភាពទន់ខ្សោយនៃគោលនយោបាយសេដ្ឋកិច្ចរបស់រដ្ឋាភិបាលលោក អានុទិន ច័ន្ទវីរៈកូល (Anutin Charnvirakul) ក្នុងការស្តារ និងការពារឧស្សាហកម្មក្នុងស្រុក។ អ្នកជំនាញសេដ្ឋកិច្ចបានអំពាវនាវឱ្យរដ្ឋាភិបាលពន្លឿនការផ្តល់កម្ចីការប្រាក់ទាប ការកែសម្រួលរចនាសម្ព័ន្ធបំណុល និងការបង្កើតកម្មវិធីបណ្តុះបណ្តាលជំនាញថ្មីៗដល់កម្មករ ដើម្បីទប់ស្កាត់ការបាត់បង់ការងារទ្រង់ទ្រាយធំ និងជួយសង្គ្រោះអាជីវកម្មធុនតូច និងមធ្យម (SME) ឱ្យរួចផុតពីការរលំរលាយ។

យ៉ាងណាម៉ិញ រលកនៃការផ្អាកការងារបណ្តោះអាសន្នដែលកំពុងគ្របដណ្តប់លើរោងចក្ររាប់សិប និងកម្មករជិត ២ម៉ឺននាក់នេះ មិនត្រឹមតែជាវិបត្តិហិរញ្ញវត្ថុរបស់ផ្នែកឯកជនប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការបរាជ័យ និងភាពយឺតយ៉ាវនៃក្បាលម៉ាស៊ីនដឹកនាំរបស់រដ្ឋាភិបាលលោក អានុទិន ក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលរចនាសម្ព័ន្ធសេដ្ឋកិច្ចពិភពលោក។ ប្រសិនបើរដ្ឋាភិបាលថៃនៅតែបន្តប្រើប្រាស់តែវិធានការបណ្តោះអាសន្ន ដោយគ្មានយុទ្ធសាស្ត្រកែទម្រង់ស៊ីជម្រៅ និងកញ្ចប់ថវិកាសង្គ្រោះជាក់ស្តែងនោះទេ ការផ្អាកដំណើរការរោងចក្រនៅពេលនេះ នឹងប្រែជាការបិទទ្វារជាអចិន្ត្រៃយ៍នាពេលខាងមុខ ដែលអាចរុញច្រានសេដ្ឋកិច្ចថៃឱ្យធ្លាក់ចូលទៅក្នុងវិបត្តិអត់ការងារធ្វើទ្រង់ទ្រាយធំ និងការកើនឡើងនូវបំណុលសង្គមដែលពិបាកស្តារឡើងវិញ៕

ប្រភព៖ HR Asia

Share.