កំពត៖ អធិការនគរបាលស្រុកឈូក ខេត្តកំពត លោកវរសេនីយ៍ឯក ប៉ោ យ៉ា និងអធិការរងនគរបាលទទួលផែនសណ្តាប់ធ្នាប់ លោកវរសេនីយ៍ទោ ឯក វ៉ាន្នី ត្រូវបានដកមកបញ្ឈរជេីងនៅការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្ត ដេីម្បីបន្តនីតិវិធី ដោយសារតែខ្ជីខ្ជារឿងគ្រោះថ្នាក់ចរាចរណ៍។

គ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយរថយន្តមួយគ្រឿង បានបុកម៉ូតូ បណ្តាលឲ្យស្លាប់២នាក់ ស្រាប់តែលោកអធិការ និងអធិការរង មិនយកចិត្តទុកដាក់ ហេីយអះអាងថាឡានមិនខុស រួចសុំគោលការណ៍ដោះលែងអ្នកបេីកបរទៅបាត់។
ក្រោយលោកស្នងការ បញ្ជាឲ្យកម្លាំងជំនាញថ្នាក់ខេត្តចុះទៅវាស់វែង និងស្រាវជ្រាវឡេីងវិញ ទេីបរកឃេីញថាឡានពិតជាខុស ដោយបេីកចូលគន្លងខាងម៉ូតូ២តឹកកន្លះ។ បន្ទាប់ពីរកឃើញថាខាងភាគីឡានពិតជាបង្ករគ្រោះថ្នាក់បណ្ដាលឲ្យមនុស្សស្លាប់ពីរនាក់ប្រាកដមែន លោកស្នងការខេត្តបានបញ្ជាឲ្យសមត្ថកិច្ចចាប់ខ្លួនអ្នកបើកបររថយន្ដមកចាត់ការតាមនិតិវិធី។
ករណីនេះកេីតឡេីងនៅយប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅផ្លូវជាតិលេខ៣ ភូមិដំណាក់ទ្រព្យខាងត្បូង ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង ២២៖១០នាទីយប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ១០៥-១០៦ ស្ថិតក្នុងភូមិដំណាក់ ទ្រព្យខាងត្បូង ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត រវាងរថយន្ត និងម៉ូតូ ដែលធ្វើដំណើរក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲ្យមនុស្សចំនួន ២នាក់បានបាត់បង់ជីវិត។
យោងតាមរបាយការណ៍បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងរវាងរថយន្តម៉ាក TOYOTA PRIUS ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BO-9916 បើកបរដោយឈ្មោះ កែម ឡៃ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិល្វេ ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត ដែលធ្វើដំណើរពីទិសខាងកើតទៅលិច។

ចំណែកភាគីម៉ូតូវិញ ម៉ូតូម៉ាក YAMAHA PG1 ពណ៌ប៉ារ៉ា ពាក់ផ្លាកលេខ ភ្នំពេញ 1MC-0969 បើកបរដោយឈ្មោះ អុឹម សុខហេង ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ បានធ្វើដំណើរពីទិសខាងលិចទៅកើត។
ឈ្មោះ អ៊ឹម សុខហេង បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ដោយឡែកអ្នករួមដំណើរម្នាក់ទៀតឈ្មោះ នឹម ពិសិត ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិក្រសាំង ឃុំឈូក ស្រុកឈូក បានស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ៕

