ភ្នំពេញ៖ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៦ កាស៊ីណូចំនួន១៨កន្លែង ដែលមានការពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានកំណត់មុខសញ្ញា និងដកហូតអាជ្ញាបណ្ណ ខណៈកាស៊ីណូចំនួន៩កន្លែងផ្សេងទៀត ត្រូវបានព្យួរអាជ្ញាបណ្ណ និងកំពុងស្ថិតក្នុងការស្រាវជ្រាវ និងស៊ើបអង្កេតបន្ថែម។

ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានប្រចាំការ នៃ គ.ប.ឆ.ប. និងជាប្រធានលេខាធិការដ្ឋាន នៃ គ.ប.ឆ.ប. បានគូសបញ្ជាក់ថា ចំពោះកាស៊ីណូទាំង៩កន្លែងដែលត្រូវបានព្យួរអាជ្ញាបណ្ណ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ និងស៊ើបអង្កេត ដើម្បីស្វែងរក និងប្រមូលភស្តុតាងដាក់បន្ទុកឱ្យបានពេញលេញ មុននឹងឈានដល់ការសម្រេចដកហូតអាជ្ញាបណ្ណ។

កាស៊ីណូចំនួន១៨កន្លែងដែលត្រូវបានដកហូតអាជ្ញាបណ្ណ រួមមាន៖ ខេអឹមអេច ផារាដាយ ថៅវឺ កាស៊ីណូ និងសណ្ឋាគារ, កាស៊ីណូ អ៊ីហ្គល ឃីង, អរឆីដ អូតែល និងរិច កាស៊ីណូ, សៀងហៃ រីហ្សត, ហ្គោលដិនហ្កាឡាក់ស៊ី កាស៊ីណូ, កាស៊ីណូ ឡឺ ហ្សឹង, កាស៊ីណូ ហ្គោលដេន ហ្វ័រឈូន រីហ្សត វើលដ៍, កាស៊ីណូ ខ្ញុំ, ជីន ប៉ី គ្រុប, ជីន ប៉ី, កាស៊ីណូ ហ្សុងហ័រវ៉ី ហ្គោលឌិន សេន អ៊ីនធើនេស៊ិនណល អេនធើធេនម៉ិន, ជី.ស៊ី កាស៊ីណូ, ដា ជីន កាង កាស៊ីណូ & ហូថេល, ហ្គាន់ ដាវ, កាស៊ីណូ យីង ហ័ង និងកាស៊ីណូ ជីន ប៉ី បួន ព្រមទាំងកាស៊ីណូ២កន្លែងទៀត។

ការដកហូត និងព្យួរអាជ្ញាបណ្ណនេះ ជាវិធានការមួយក្នុងការទប់ស្កាត់ និងបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងស្វែងរកភស្តុតាងពាក់ព័ន្ធ ដើម្បីចាត់ការតាមនីតិវិធី៕

Share.