ភ្នំពេញ៖ ស្ត្រីជនជាតិខ្មែរម្នាក់ ត្រូវបាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ឃាត់ខ្លួនពាក់ព័ន្ធករណីឆបោកប្រាក់តាមបណ្ដាញសង្គម ក្រោមរូបភាពលួងលោមស្នេហា ក្រោយសមត្ថកិច្ចរកឃើញថា ជនសង្ស័យបានលក់លេខទូរសព្ទ និងគណនីធនាគារផ្ទាល់ខ្លួនទៅឱ្យក្រុមឧក្រិដ្ឋជន ដើម្បីយកទៅប្រើប្រាស់ទទួលផលពីអំពើឆបោក។

ការបង្ក្រាបនេះធ្វើឡើងកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ដោយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា តាមបញ្ជាដឹកនាំ និងការចង្អុលណែនាំពីថ្នាក់ដឹកនាំនគរបាលជាតិ និងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ។

សមត្ថកិច្ចបានឃាត់ខ្លួនស្ត្រីម្នាក់ ឈ្មោះ ស.ច.ណ ជនជាតិខ្មែរ។ តាមលទ្ធផលស្រាវជ្រាវ សមត្ថកិច្ចបានកំណត់ថា ស្ត្រីរូបនេះបានយកលេខទូរសព្ទ និងគណនីធនាគាររបស់ខ្លួនទៅលក់ឱ្យក្រុមឧក្រិដ្ឋជន ហើយទទួលបានប្រាក់កម្រៃជាថ្នូរ។ លេខទូរសព្ទ និងគណនីធនាគារដែលបានលក់នោះ ត្រូវបានក្រុមឧក្រិដ្ឋជនយកទៅប្រើជាមធ្យោបាយទទួលប្រាក់ពីជនរងគ្រោះ ក្នុងប្រតិបត្តិការឆបោកតាមបណ្ដាញសង្គម ដោយប្រើរូបភាពលួងលោមស្នេហា។ បច្ចុប្បន្ន ជនសង្ស័យត្រូវបាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ កុំផ្តល់ ឬលក់លេខទូរសព្ទ និងគណនីធនាគារផ្ទាល់ខ្លួនទៅឱ្យអ្នកដទៃដែលមិនស្គាល់ប្រភពច្បាស់លាស់ ព្រោះវាអាចត្រូវបានយកទៅប្រើប្រាស់ក្នុងសកម្មភាពឆបោក ឬបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ហើយម្ចាស់គណនីក៏អាចប្រឈមនឹងការទទួលខុសត្រូវតាមផ្លូវច្បាប់ផងដែរ។ នាយកដ្ឋានអំពាវនាវឱ្យសាធារណជនចូលរួមប្រុងប្រយ័ត្ន និងរួមគ្នាប្រឆាំង ទប់ស្កាត់ និងលុបបំបាត់បទល្មើសដែលកើតឡើងតាមប្រព័ន្ធបច្ចេកវិទ្យា៕

អត្ថបទ÷កណ្តាល

Share.