ភ្នំពេញ៖ ក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីជូនដំណឹងជាផ្លូវការ អំពាវនាវដល់សាធារណជន ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចូលរួមតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាតិដ៏សំខាន់ គឺកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សានៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងកម្ពុជា និងថៃ ដែលនឹងប្រព្រឹត្តទៅនៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នេះ។

នៅក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងដឹកនាំគណៈប្រតិភូកម្ពុជា ដោយផ្ទាល់ និងថ្លែងសុន្ទរកថាបើកនាព្រឹក ថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ០៨:០០ នាទីព្រឹក (ម៉ោងនៅកម្ពុជា)។ ទូរទស្សន៍ជាតិកម្ពុជា (TVK) ព្រមទាំងស្ថានីយទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយនានានឹងផ្សាយបន្តផ្ទាល់ជាភាសាខ្មែរ អង់គ្លេស និងថៃ ចាប់ពីម៉ោង ០៧:៣០ នាទីព្រឹកតទៅ។
សូមជម្រាបថា ការចូលរួមរបស់កម្ពុជាបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការការពារអធិបតេយ្យភាពដែនសមុទ្រ និងផលប្រយោជន៍ជាតិ ផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ និងអនុសញ្ញា UNCLOS ឆ្នាំ១៩៨២ ដោយតម្លាភាព និងសន្តិវិធី។

ជម្រើសជំនួសការប្រឈមមុខ ការនាំបញ្ហាទៅកាន់យន្តការ UNCLOS មិនមែនជាការបង្កើតជម្លោះថ្មី ឬការប្រឈមមុខដាក់គ្នានោះទេ ប៉ុន្តែជាការប្រើយន្តការច្បាប់អន្តរជាតិដែលភាគីទាំងពីរបានទទួលស្គាល់ ដើម្បីដោះស្រាយភាពជាប់គាំងដោយសុច្ឆន្ទៈ និងអាចព្យាករបាន។
កម្ពុជាបានបង្ហាញជំហរច្បាស់លាស់ គឺមិនប្រើប្រាស់កម្លាំងបាយ និងមិនបង្កើតស្ថានភាពជាក់ស្តែងដោយឯកតោភាគីឡើយ។ ការជ្រើសរើស UNCLOS គឺជាការជ្រើសរើសសន្តិភាព ការទូត និងការចរចា ដើម្បីកុំឱ្យវិវាទប្រែប្រួលទៅជាសង្គ្រាមបំផ្លិចបំផ្លាញ។
ដើម្បីតាមដានព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ ក្រសួងព័ត៌មានបានទទូចឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី រួមគ្នាតាមដានការផ្សាយបន្តផ្ទាល់នេះ ដើម្បីសម្តែងនូវការគាំទ្រ និងដឹងឮនូវកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត និងច្បាប់អន្តរជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារដែនអធិបតេយ្យជាតិឱ្យបានគង់វង្ស៕
