តាមរយៈសេចក្ដីប្រកាសរបស់ក្រសួងការបរទេសបានឱ្យដឹងថា កម្ពុជា និងមីយ៉ាន់ម៉ា បានសម្រេចបង្កើនកម្រិតកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខយ៉ាងស៊ីជម្រៅ ដោយបានព្រមព្រៀងបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការផ្លូវការរវាងកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរ ព្រមទាំងប្តេជ្ញាចិត្តរួមគ្នាក្នុងការលុបបំបាត់បទល្មើសឆ្លងដែន និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់។

ការសម្រេចចិត្តជាប្រវត្តិសាស្ត្រផ្នែកសន្តិសុខ និងការពារជាតិនេះ បានធ្វើឡើងក្នុងឱកាសនៃទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម មីន អោង ឡាំង ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅតបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា។
ផ្អែកតាមលទ្ធផលនៃជំនួបកំពូលទ្វេភាគីរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តម មីន អោង ឡាំង បានជំរុញប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខត្រូវបានរៀបចំឡើងក្រោមសសរស្ដម្ភសំខាន់ៗដូចជា ៖
១.ភាគីទាំងពីរបានឯកភាពបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការផ្លូវការ ដើម្បីលើកកម្ពស់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធរវាងកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរ ដើម្បីបង្កើនការចែករំលែកបទពិសោធន៍ និងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកយោធា។
២.ថ្នាក់ដឹកនាំទាំងពីរបានសង្កត់ធ្ងន់ពីភាពចាំបាច់ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែន ដោយផ្តោតលើការផ្លាស់ប្តូរព័ត៌មានសម្ងាត់ទាន់ពេលវេលា ការគាំទ្រគ្នាទៅវិញទៅមកលើការអនុវត្តច្បាប់ និងការជួយសង្គ្រោះជនរងគ្រោះ។

ជាមួយគ្នានេះ មីយ៉ាន់ម៉ាក៏បានបញ្ជាក់ពីការចូលរួមសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ។ ក្រៅពីកិច្ចសហប្រតិបត្តិការសន្តិសុខទ្វេភាគី ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈយ៉ាងទូលំទូលាយលើស្ថានការណ៍តំបន់ អន្តរជាតិ និងបច្ចុប្បន្នភាពនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ផងដែរ។
សូមជម្រាបថា លើសពីវិស័យការពារជាតិ ជំនួបប្រវត្តិសាស្ត្រនេះក៏បានឈានទៅដល់ការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីចំនួន ៤ បន្ថែមទៀត លើវិស័យការការពារវិនិយោគ ការលុបបំបាត់ការយកពន្ធត្រួតគ្នា វប្បធម៌ និងការផ្សព្វផ្សាយ ដែលជាជំហានដ៏សំខាន់ក្នុងការរឹតចំណងមិត្តភាព និងពង្រឹងសន្តិសុខ វិបុលភាព ព្រមទាំងស្ថិរភាពយូរអង្វែងនៅក្នុងតំបន់៕
