ភ្នំពេញ÷ កម្មករម្នាក់បានធ្លាក់ពីបង្គោលអង់តែនកម្ពស់ប្រមាណ ៣៥ម៉ែត្រ បណ្ដាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈក្រុមងារផ្នែកដំឡើងបង្គោលអង់តែនទូរស័ព្ទរបស់ក្រុមហ៊ុន «Smart ស្មាត»កំពុងឡើងតម្លើងអង់តែន។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ៣និង១០នាទីរសៀល ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចដីឡូត៍គ្មានលេខ ក្នុងភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច ជនរងគ្រោះឈ្មោះ ខាន់ វុទ្ធី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករ មានស្រុកកំណើតនៅភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ តាមការបំភ្លឺរបស់ឈ្មោះ ហ៊ង សេន ភេទប្រុស អាយុ២៨ ឆ្នាំ ដែលជាកម្មករធ្វើការជាមួយជនរងគ្រោះ បានឱ្យដឹងថា នៅវេលាម៉ោងប្រមាណ ៣រសៀល ខ្លួននិងជនរងគ្រោះបានឡើងទៅលើបង្គោលអង់តែនកម្ពស់ប្រមាណ ៣៥ម៉ែត្រ ដើម្បីតម្លើងដែកបន្ត។

លុះដល់វេលាម៉ោងប្រមាណ ៣៖១០នាទីរសៀល ស្រាប់ តែឮសំឡេងអ្វីមួយប៉ះនឹងដែកនៅខាងក្រោម។ ពេលក្រឡេកមើលចុះក្រោម ក៏បានឃើញជនរងគ្រោះ ឈ្មោះ ខាន់ វុទ្ធី ធ្លាក់ចុះទៅដល់ដីបាត់ទៅហើយ ទើប បានរាយការណ៍ជូនសមត្ថកិច្ច។ បន្ទាប់ពីទទួលបានព័ត៌មាន អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធបានចុះទៅកាន់ទីតាំងកើតហេតុ ដើម្បីពិនិត្យ និងស្រាវជ្រាវតាមនីតិវិធី ។

តាមការពិនិត្យកន្លែងកើតហេតុ សាកសព ព័ត៌មានដែលប្រមូលបាន និងការបញ្ជាក់របស់ វេជ្ជបណ្ឌិត ជាង រ៉េន គ្រូពេទ្យកោសល្យវិច័យតុលាការដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារការប៉ះទង្គិចក្បាល និងរាងកាយយ៉ាងធ្ងន់ធ្ងរ ដែលបណ្តាលមកពីការធ្លាក់ពីលើបង្គោលអង់តែនកម្ពស់ប្រមាណ ៣៥ម៉ែត្រ។ ក្រោយបញ្ចប់ការពិនិត្យ សាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនប្អូនប្រុសរបស់ជនរងគ្រោះ ដើម្បីដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើតក្នុងខេត្តកណ្តាល៕
អត្ថបទ៖ តាតុងសែនជ័យ

