បាងកក៖ គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ (ECT) កំពុងរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់សាធារណជន និងក្រុមអ្នកតាមដាននយោបាយ បន្ទាប់ពីស្ថាប័នមួយនេះបានសម្រេចចិត្តប្តឹងមនុស្សចំនួន ៧៧នាក់ទៅកាន់តុលាការកំពូល ជុំវិញរឿងអាស្រូវគប់គិតគ្នាក្នុងការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាឆ្នាំ ២០២៤ ប៉ុន្តែបែរជាទម្លាក់ចោលការចោទប្រកាន់ទាំងអស់ចំពោះអ្នកនយោបាយកំពូលៗ និងមន្ត្រីជាន់ខ្ពស់បក្សកាន់អំណាចចំនួន ២២២នាក់ទៅវិញ។

រឿងអាស្រូវ «សមាជិកព្រឹទ្ធសភាអាវខៀវ» ដ៏ក្តៅគគុកនេះ បានផ្ទុះឡើងក្រោយមានការទម្លាយភស្តុតាងពីការបង្កើតបណ្តាញស៊ុមគ្រក ប្រើប្រាស់ក្រដាសបង្កប់ចម្លើយ និងការបែងចែកលុយកាក់ដើម្បីគ្រប់គ្រងលទ្ធផលឆ្នោត។ ទោះបីជាអង្គភាពស៊ើបអង្កេតពិសេស (DSI) និងក្រុមប្រឹក្សាស៊ើបអង្កេតដំបូងបានប្រមូលភស្តុតាងរហូតដល់ទៅជាង ៧៥,៧២២ទំព័រ ហើយបានផ្តល់អនុសាសន៍ឱ្យផ្តន្ទាទោសលើបុគ្គលរហូតដល់ ២២៩នាក់ ដែលក្នុងនោះរួមមានទាំងមេដឹកនាំគណបក្ស Bhumjaithai ដ៏មានអំណាចយ៉ាងណាក៏ដោយ ក៏ គ.ជ.ប នៅតែសម្រេចទាត់ចោលការស៊ើបអង្កេតលើមន្ត្រីគ្រាក់ៗទាំងនោះ។

ចំណុចដែលធ្វើឱ្យសាធារណជនខឹងសម្បារបំផុតនោះគឺ គ.ជ.ប ថៃ មិនបានបញ្ជូនឈ្មោះមន្ត្រីរដ្ឋាភិបាល អ្នកនយោបាយ ឬប្រធានគណបក្សណាម្នាក់ទៅតុលាការឡើយ ដោយអះអាងយ៉ាងសាមញ្ញថា ភស្តុតាងមិនគ្រប់គ្រាន់ និងមិនឃើញមានវិបត្តិហិរញ្ញវត្ថុខុសប្រក្រតី ខណៈដែលជនជាប់ចោទ ៧៧នាក់ដែលត្រូវបញ្ជូនទៅតុលាការ ភាគច្រើនត្រឹមជាសមាជិកព្រឹទ្ធសភាជាន់ទាប ២៦នាក់ និងប្រជាពលរដ្ឋសាមញ្ញ ៥១នាក់ប៉ុណ្ណោះ។
ទាក់ទិននឹងបញ្ហានេះ ក្រុមអ្នករិះគន់បានចោទសួរថា តើហេតុអ្វីបានជាឯកសារស៊ើបអង្កេតរាប់ម៉ឺនទំព័រ និងសាក្សីសំខាន់ៗ ដែលធ្លាប់បង្ហាញពីជំនួបសម្ងាត់នៅសណ្ឋាគារ និងការរៀបចំផែនការដោយអ្នកនយោបាយជាន់ខ្ពស់ បែរជាត្រូវ គ.ជ.ប ចាត់ទុកថាគ្មានទម្ងន់ទៅវិញ។

ទោះបីជាប្រធាន គ.ជ.ប ថៃ លោក Narong Klanwarin បានចេញមុខការពារការសម្រេចចិត្តនេះ ដោយអះអាងថា ស្ថាប័នរបស់លោកធ្វើការដោយឯករាជ្យ ផ្អែកលើច្បាប់ និងត្រៀមខ្លួនរួចរាល់ក្នុងការតទល់មុខតុលាការយ៉ាងណាក៏ដោយ ក៏ការបំភ្លឺនេះមិនបានធ្វើឱ្យមតិមហាជនស្ងប់ចិត្តឡើយ។
ទន្ទឹមនឹងនេះ ក្រុមសង្គមស៊ីវិល និងគណបក្សប្រឆាំងបានវាយប្រហារថា នេះជាសេនារីយោ «កាត់កន្ទុយប្រកាសរួចខ្លួន» ដើម្បីការពារអំណាចរបស់អ្នកនយោបាយធំៗ ដែលទង្វើនេះកំពុងតែបំផ្លាញទំនុកចិត្តរបស់ប្រជាជនលើប្រព័ន្ធយុត្តិធម៌ និងការបោះឆ្នោតក្នុងប្រទេសថៃយ៉ាងធ្ងន់ធ្ងរ៕

