កម្លាំងនគរបាលខេត្តស្វាយរៀង សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង និងមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យរដ្ឋបាលនៅទីតាំងមួយក្នុងក្រុងបាវិត រហូតឈានដល់ការបង្ក្រាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។

ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចហាង ដឺវ័ន ស្ទីមសូណា និងម៉ាស្សា ស្ថិតនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ដោយកម្លាំងសមត្ថកិច្ចដឹកនាំដោយលោកវរសេនីយ៍ឯក ឡាយ ចន្នី ស្នងការរងនគរបាលខេត្តស្វាយរៀង សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ៤នាក់ ក្នុងនោះមានជនជាតិចិន ២នាក់ និងជនជាតិខ្មែរ ២នាក់ និងបានដកហូតវត្ថុតាងមួយចំនួន រួមមាន កុំព្យូទ័រយួរដៃ ធុង CPU ម៉ូនីទ័រ ថេប្លេត ទូរស័ព្ទដៃ និងសម្ភារប្រើប្រាស់មួយចំនួនទៀត ដែលត្រូវបានរកឃើញនៅក្នុងទីតាំងខាងលើ។ បន្ទាប់ពីបញ្ចប់ប្រតិបត្តិការចប់ ជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង ចាត់ការតាមនីតិវិធី។ ចំណែកទីតាំងសមត្ថកិច្ចបិទស៊ីលជាបណ្ដោះអាសន្ន។

អត្ថបទ៖ ចតុម្មុខ

Share.