
នៅក្នុងសារលិខិតអបអរសាទរ ខួបលើកទី២៣ នៃទិវាសន្តិភាពអន្តរជាតិ (២១ កញ្ញា ២០០៣ – ២១ កញ្ញា ២០២៦) សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់យ៉ាងស៊ីជម្រៅថា «សន្តិភាពជាដង្ហើមរស់សម្រាប់កម្ពុជា» ដែលជាគ្រឹះដ៏សំខាន់អនុញ្ញាតឱ្យកម្ពុជាអាចស្តារ កសាងជាតិ ជំរុញការកាត់បន្ថយភាពក្រីក្រ និងធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅទៅក្នុងតំបន់ និងសកលលោក។
តាមរយៈសារលិខិតនេះ សម្តេចធិបតី បានរំលេចនូវចំណុចសំខាន់ៗជាច្រើនពាក់ព័ន្ធនឹងការចូលរួមចំណែករបស់កម្ពុជាលើឆាកអន្តរជាតិ ស្ថិរភាពសេដ្ឋកិច្ច និងជំហរការបរទេសដូចជា៖
១.ក្រោមឆត្រអង្គការសហប្រជាជាតិ (អ.ស.ប.) ចាប់តាំងពីឆ្នាំ២០០៦ មកទល់បច្ចុប្បន្ន កម្ពុជាបានបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពសរុបចំនួន ១០.៩១២នាក់ (ក្នុងនោះមានស្ត្រី ១.០៨២នាក់) ទៅបំពេញបេសកកម្មនៅក្នុងប្រទេសចំនួន១០ ដូចជា ឆាដ ស៊ូដង់ ស៊ូដង់ខាងត្បូង អាហ្វ្រិកកណ្តាល លីបង់ ស៊ីប ស៊ីរី ម៉ាលី យេម៉ែន និងកុងហ្គោ។
២.ទោះបីជារងសម្ពាធពីវិបត្តិខាងក្រៅ កម្ពុជានៅតែរក្សាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចរឹងមាំ ដោយព្យាករថាអាចសម្រេចបានកំណើន ៤,១% នៅក្នុងឆ្នាំ២០២៦ នេះ។ សម្តេចធិបតី បានបញ្ជាក់ថា កំណើនសេដ្ឋកិច្ចនេះ ត្រូវតែឆ្លុះបញ្ចាំងដោយផ្ទាល់ទៅលើការបង្កើតឱកាសការងារ ការកើនឡើងប្រាក់ចំណូល ការអភិវឌ្ឍជំនាញ និងការលើកកម្ពស់គុណភាពសេវាសាធារណៈជូនប្រជាពលរដ្ឋ។
មួយវិញទៀត ឆ្លងកាត់ការឈឺចាប់នៃសង្គ្រាម និងផលប៉ះពាល់ពីការឈ្លានពានអធិបតេយ្យជាតិនាពេលថ្មីៗនេះ សម្តេចធិបតី បានអំពាវនាវជាថ្មីម្តងទៀតឱ្យភាគីថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នា និងចូលរួមដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ ដើម្បីកាត់បន្ថយភាពតានតឹង កសាងទំនុកចិត្ត និងស្តារសន្តិភាពតាមបណ្តោយព្រំដែនឡើងវិញ។
ជាទីបញ្ចប់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ជាថ្មីពីកាតព្វកិច្ចរបស់រាជរដ្ឋាភិបាល ក្នុងការប្រកាន់ខ្ជាប់គោលការណ៍គ្រឹះនៃសន្តិភាព ការគោរពអធិបតេយ្យ និងការដោះស្រាយវិវាទដោយសន្តិវិធី មិនប្រើប្រាស់កម្លាំង ដើម្បីធានានូវវិបុលភាព សុខសាន្ត និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ប្រជាជាតិទាំងមូល៕
