បាងកក៖ លោក អនុទីន ឆានវីរ៉ាកុល នាយករដ្ឋមន្ត្រីថៃ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ កំពុងប្រឈមមុខនឹងការរិះគន់យ៉ាងក្ដៅគគុកពីសំណាក់សាធារណជន និងសង្គមស៊ីវិល ជុំវិញការប្រើប្រាស់ភាសាមិនសមរម្យ ប្រកាន់ជាតិសាសន៍ និងជ្រុលនិយម បន្ទាប់ពីរូបលោកបានថ្លែងព្រមានជនបរទេសរស់នៅប្រទេសថៃ ដោយប្រើពាក្យសម្តីធ្ងន់ៗថា «បើជិតស្លាប់ ឱ្យទៅស្លាប់នៅស្រុកខ្លួនឯងទៅ»។

នៅក្នុងកិច្ចប្រជុំមួយនៅក្រសួងមហាផ្ទៃ លោក អនុទីន បានបង្ហាញឥរិយាបថជាតិនិយមជ្រុល ដោយបានបញ្ជាឱ្យអភិបាលខេត្ត និងអាជ្ញាធរទូទាំងប្រទេស ចាត់វិធានការក្តៅ និងបណ្ដេញជនបរទេសទាំងឡាយណាដែលល្មើសច្បាប់ ឬធ្វើសកម្មភាពមិនសមរម្យចេញពីប្រទេសថៃជាបន្ទាន់ ដោយមិនបាច់ខ្វល់ពីនីតិវិធីស្មុគស្មាញ ឬបារម្ភរឿងខ្វះថវិកាទិញសំបុត្រយន្តហោះឡើយ។

ជាមួយគ្នា លោក អនុទីន បាននិយាយរិះគន់យ៉ាងខ្លាំងលើសំណើសុំបង្កើតទីសក្ការបូជា និងទីកន្លែងបញ្ចុះសពឯកជន ដោយពោលពាក្យអាក្រក់ថា ជនបរទេសមានសំណាងណាស់ទៅហើយ ដែលថៃអនុញ្ញាតឱ្យមករកស៊ី ដូច្នេះបើចង់ស្លាប់ គួរតែត្រឡប់ទៅស្លាប់នៅស្រុកកំណើតខ្លួនឯងវិញ មិនត្រូវមកបង្កើតទីកន្លែងបញ្ចុះសព ឬភោជនីយដ្ឋានបង្កប់ទីសក្ការបូជា យកប្រៀប ឬកេងចំណេញលើជនជាតិថៃនោះទេ។

លើសពីនេះ លោកបានបញ្ជាឱ្យអភិបាលខេត្តបញ្ឈប់ការតាមដោះស្រាយករណីនីមួយៗ ហើយងាកមកប្រើប្រាស់ច្បាប់ប្រទេសដើម្បីគ្រប់គ្រងស្ថានការណ៍។ លោកបានបដិសេធចោលនូវការស្ទាក់ស្ទើរក្នុងការបណ្ដេញចេញ ដោយសារតែបញ្ហាងាករកថវិកាទិញសំបុត្រយន្តហោះ ព្រោះការរក្សាទុកជនបរទេសល្មើសច្បាប់ឱ្យជាប់ពន្ធនាគារនៅថៃ នាំតែខាតបាយ ខាតទឹក និងខាតកន្លែងស្នាក់នៅរបស់រដ្ឋប៉ុណ្ណោះ ដោយលោកបានអះអាងថា លោកនឹងចេញមុខទទួលខុសត្រូវលើការចំណាយទាំងនោះ ដើម្បីបណ្ដេញជនទាំងនោះឱ្យផុតពីទឹកដីថៃ។

ទោះបីជាលោក អនុទីន បានប្រកែកថា ការបង្រ្កាបនេះមិនបានតម្រង់ទិសលើជាតិសាសន៍ណាមួយ មិនថាអាស៊ី មជ្ឈិមបូព៌ា អឺរ៉ុប ឬអាហ្វ្រិក ក៏ដោយ ប៉ុន្តែការបំផុសកំហឹងជាតិនិយម និងការគំរាមកំហែងបែបនេះ ត្រូវបានគេមើលឃើញថា ជាការបង្កើតបរិយាកាសរើសអើង និងបំភ័យដល់ជនបរទេសដែលកំពុងរស់នៅ និងធ្វើអាជីវកម្មដោយស្មោះត្រង់។

ជុំវិញបញ្ហានេះ ក្រុមអ្នកវិភាគ និងអង្គការសង្គមស៊ីវិល បានលើកឡើងថា ការថ្លែងសារនយោបាយប្រកបដោយការគំរាមកំហែង និងខ្វះអាជីពវិជ្ជាជីវៈពីសំណាក់ថ្នាក់ដឹកនាំកំពូលបែបនេះ មិនត្រឹមតែបង្ហាញពីភាពទន់ខ្សោយនៃអភិបាលកិច្ចប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចជះឥទ្ធិពលអាក្រក់យ៉ាងធ្ងន់ធ្ងរ ដល់រូបភាពទាក់ទាញផ្នែកទេសចរណ៍ និងទំនុកចិត្តនៃការវិនិយោគគិនបរទេស ដែលប្រទេសថៃកំពុងតែត្រូវការជាចាំបាច់ដើម្បីស្តារសេដ្ឋកិច្ចនោះផងដែរ៕

ប្រភព៖ The Thaiger

Share.