កម្លាំងនគរបាលខេត្តស្វាយរៀង សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត និងមានការសម្របសម្រួលពីព្រះរាជអាជ្ញារង ចុះបង្ក្រាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្រុងបាវិត ដោយឃាត់ខ្លួនមនុស្សចំនួន ១៤នាក់ ក្នុងនោះស្ត្រី៦នាក់ ដែលជាជនជាតិវៀតណាម។

ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចវីឡាជួល ស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ឯក ស្រេង ហួត ស្នងការរងនគរបាលខេត្តស្វាយរៀង ដោយមានការចូលរួមពីកម្លាំងនគរបាលជំនាញ និងអាជ្ញាធរមូលដ្ឋាន។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សសរុប១៤នាក់ និងដកហូតវត្ថុតាងមួយចំនួន រួមមាន កុំព្យូទ័រលើតុ All-In-One ធុង CPU ម៉ូនីទ័រ ទូរស័ព្ទដៃ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។

តាមសមត្ថកិច្ច បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនមកការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ដោយឡែក ទីតាំងដែលសង្ស័យថាជាកន្លែងប្រព្រឹត្តបទល្មើស ត្រូវបានក្រុមការងារបិទស៊ីលជាបណ្តោះអាសន្ន ដើម្បីបន្តនីតិវិធីពាក់ព័ន្ធ៕

