គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានរៀបចំវគ្គអប់រំផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីសារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា នាថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅវិទ្យាស្ថានអប់រំជាតិ ដោយមានការចូលរួមធ្វើបាឋកថាពីឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប. ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ តំណាងក្រសួងស្ថាប័ន មន្ត្រីមូលដ្ឋាន គ្រូបង្រៀន យុវជន យុវនារី និងអ្នកសារព័ត៌មានសរុបជាង ៥០០នាក់។

ថ្លែងក្នុងឱកាសនោះ ឯកឧត្ដម ប្រាជ្ញ ចន្ទ បានគូសបញ្ជាក់ថា ការបណ្ដុះបណ្ដាល ការអប់រំ និងការផ្សព្វផ្សាយ គឺជាផ្នែកដ៏សំខាន់ក្នុងការគាំទ្រដល់ដំណើរការបោះឆ្នោតក្នុងសង្គមប្រជាធិបតេយ្យ។ ដើម្បីធានាបាននូវប្រសិទ្ធភាព និងប្រសិទ្ធផល គ.ជ.ប. បានបើកវគ្គបណ្ដុះបណ្ដាលជូនមន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធជា ៣ថ្នាក់ រួមមាន ថ្នាក់ជាតិ ថ្នាក់រាជធានី-ខេត្ត និងថ្នាក់ប្រមូលផ្ដុំតាមក្រុង ស្រុក ខណ្ឌ ដោយមានការចូលរួមពីគ្រូឧទ្ទេសដែលជាថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប. និងមន្ត្រីជំនាញតាមវិស័យ ដើម្បីផ្ដល់ការយល់ដឹងកាន់តែស៊ីជម្រៅលើផ្នែកទ្រឹស្ដី និងការអនុវត្តជាក់ស្ដែងក្នុងការរៀបចំបោះឆ្នោត។

ឯកឧត្ដមប្រធាន គ.ជ.ប. បានបន្តថា ជាទូទៅ ការបោះឆ្នោតគឺជាដំណើរការដែលប្រជាពលរដ្ឋប្រើប្រាស់សិទ្ធិបង្ហាញឆន្ទៈរបស់ខ្លួនតាមរយៈសន្លឹកឆ្នោត ដើម្បីជ្រើសរើសតំណាង ឬសម្រេចលើបញ្ហានានាដែលច្បាប់បានកំណត់។ ប៉ុន្តែលើសពីការគូសសញ្ញាគាំទ្រនៅលើសន្លឹកឆ្នោត ការបោះឆ្នោតគឺជាបែបបទ និងជាឱកាសដែលប្រជាពលរដ្ឋបានចូលរួមក្នុងជីវិតសាធារណៈ និងប្រើប្រាស់សិទ្ធិស្របតាមច្បាប់ និងនីតិវិធីជាធរមាន។ សន្លឹកឆ្នោតមួយសន្លឹកទោះបីមានទំហំតូច ប៉ុន្តែមានអត្ថន័យធំធេង ព្រោះបានផ្ទុកនូវសិទ្ធិ ឆន្ទៈ និងការសម្រេចចិត្តរបស់ប្រជាពលរដ្ឋម្នាក់ៗ ដែលជាហេតុធ្វើឱ្យសិទ្ធិបោះឆ្នោតមិនមែនជារឿងត្រូវមើលរំលងឡើយ។

ផ្អែកតាមច្បាប់បោះឆ្នោតនានា ការបោះឆ្នោតនៅប្រទេសកម្ពុជាត្រូវបែងចែកជាពីរប្រភេទ គឺ៖ ទី១. ការបោះឆ្នោតសកល ដែលរួមមានការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។ គិតចាប់តាំងពីឆ្នាំ១៩៩៨ មក គ.ជ.ប. បានរៀបចំការបោះឆ្នោតសកលសរុបចំនួន ១១លើករួចមកហើយ ក្នុងនោះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់មានចំនួន ៥លើក និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រមានចំនួន ៦លើក។

ដោយឡែក ទី២. ការបោះឆ្នោតអសកល រួមមានការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ។ ចាប់តាំងពីឆ្នាំ១៩៩៨ មក គ.ជ.ប. បានរៀបចំការបោះឆ្នោតអសកលសរុបចំនួន ៨លើករួចមកហើយ ដោយក្នុងនោះរួមមានការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាសរុបចំនួន ៤លើក៕

Share.