បាត់ដំបង÷ ជំនន់ទឹកស្ទឹងសង្កែបានហក់ឡើងគំហុកខ្លាំងនៅព្រឹកនេះបណ្តាលឲ្យទឹកជោរជន់ហូរកាត់ផ្លូវទីប្រជុំជនមួយចំនួន អាជ្ញាធរបានសម្រេចបិទផ្អាកដំណើរការផ្លូវលេខ ១៥៦ ជាបណ្តោះអាសន្ន។

រយៈពេល ២ថ្ងៃបន្ទាប់ពីទឹកភ្លៀងបានបង្អោរធ្លាក់យ៉ាងច្រើនជោកជាំនៅផ្នែកខាងលើខេត្តប៉ៃលិន រួមទាំងស្រុកសំឡូត ហើយឥទ្ធិពលទឹកភ្លៀងនេះក៏បានស្រុងហូរចាក់ចូលស្ទឹងសង្កែ ដល់ទីទទួលរងទឹកក្នុងភូមិសាស្ត្រស្រុកឯកភ្នំ ធ្វើឲ្យទឹកភ្លៀងជន់លិចដល់ផ្នែកខាងលើនេះបានហក់ឡើងជន់លិចគ្របដណ្ដប់លើផ្នែកខ្លះ ពិសេសនៅក្នុងភូមិសាស្ត្រលំនៅឋានប្រជាពលរដ្ឋក្បែរដងស្ទឹង កំណាត់ផ្លូវសំខាន់ៗ សាលារៀន និងស្រែចម្ការមួយចំនួនទៀត នៅព្រឹកថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៦នេះរដ្ឋបាលស្រុកឯកភ្នំបានចេញសេចក្តីប្រកាសមួយជូនដំណឹងដល់ប្រជាពលរដ្ឋរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្ន និងបានសម្រេចបិទផ្អាកដំណើរការកំណាត់ខេត្តលេខ ១៥៦ភ្លាមៗដើម្បីបញ្ចៀសការខូចខាតធ្ងន់ធ្ងរ។

ការជូនដំណឹងនេះក៏បានផ្ដោតទៅលើម្ចាស់រថយន្តធន់ធ្ងន់គ្រប់ប្រភេទដែលប្រើប្រាស់ផ្លូវខេត្តលេខ ១៥៦ ទាំងអស់ត្រូវផ្អាកការធ្វើដំណើរឆ្លងកាត់មួយរយៈសិន ដោយហេតុផ្លូវលេខ ១៥៦ ផ្នែកខ្លះត្រូវបានទឹកហូរកាត់។ អាស្រ័យហេតុនេះដើម្បីជៀសវាងការខូចផ្លូវ និងការគ្រោះថ្នាក់ជាយថាហេតុ រដ្ឋបាលស្រុក សូមផ្អាកការធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្នចំពោះរថយន្តដឹកទំនិញគ្រប់ប្រភេទ ដែលមានទម្ងន់ធ្ងន់ដូចជា រថយន្តយីឌុប ដឹកសម្ភារៈសំណង់ រថយន្តដឹកស្រូវ រថយន្តដឹកដីជាដើម ដោយគិតចាប់ពីចំណុចគល់ ស្ពានដូនទាវ រហូតដល់ចំណុចស្ពានព្រែកត្រប់ ភូមិព្រែកត្រប់ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ។
រដ្ឋបាលស្រុកឯកភ្នំក៏បានអំពាវនាវដល់ប្រជាពលរដ្ឋរបស់ខ្លួនទាំងអស់ដែរដោយយោងតាមស្ថានភាពទឹកជំនន់ស្ទឹងសង្កែកំពុងតែហក់ឡើងខ្លាំង ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋដែលរស់តាមមាត់ស្ទឹងសង្កែ រួមមាន ពលរដ្ឋរស់ក្នុងឃុំសំរោងក្នុង ឃុំព្រែកនរិន្ទ ឃុំព្រែកខ្ពប និងឃុំព្រែកហ្លួងសូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ពិសេសសុវត្ថិភាពកុមារ មនុស្សចាស់ និងសម្ភារៈមានតម្លៃផ្សេងៗ ជាដើមផងដែរជៀសវាងការខូចខាត និងបាត់បង់៕
អត្ថបទ÷ ដំបងក្រញូង

