គ្រោះទឹកជំនន់ធ្ងន់ធ្ងរដែលកំពុងវាយប្រហារខេត្តស្រះកែវប្រទេសថៃ បានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋជិត ៨០០០ពាន់គ្រួសារ និងផ្ដាច់ជីវិតមនុស្ស ៤នាក់ ខណៈអាជ្ញាធរត្រូវបង្ខំចិត្តបើកទ្វារអាងទឹក Khlong Phra Sathung ក្នុងល្បឿនលឿនគុណ២ ដើម្បីទប់ស្កាត់ហានិភ័យបាក់ទំនប់។ នេះបើយោងតាមការចេញផ្សាយរបស់បណ្ដាញសារព័ត៌មាន MGR Online កាលពីថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០២៦។

ក្នុងស្ថានភាពអាសន្នដ៏ច្របូកច្របល់នេះ វិបត្តិថ្មីមួយទៀតបានកើតឡើង បន្ទាប់ពីទឹកជំនន់បានជន់លិច និងបំផ្លាញកសិដ្ឋាន «ណាវ៉ា ហ្វាមវីលេច» បណ្តោយឱ្យក្រពើប្រវែង ២ម៉ែត្រ ចំនួន ៤ក្បាល រួចចូលទៅក្នុងប្រភពទឹកសាធារណៈ បង្កជាបញ្ហាគួរឱ្យព្រួយបារម្ភបន្ថែមលើដល់ប្រជាជនដែលកំពុងរងគ្រោះដោយសារទឹកជំនន់ស្រាប់។

ប្រតិបត្តិការចុះបរបាញ់ និងបាញ់សម្លាប់ក្រពើបានចំនួន ២ក្បាលនៅពាក់កណ្ដាលអធ្រាត្រ ដោយកម្លាំងអាជ្ញាធរស្រុក ខាវឆាក់កាន់ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីភាពទន់ខ្សោយនៃប្រព័ន្ធគ្រប់គ្រងអាសន្ន និងកង្វះស្តង់ដារសុវត្ថិភាពកសិដ្ឋាននៅក្នុងប្រទេសថៃ។ ទោះបីជាអាជ្ញាធរអះអាងថា ការបាញ់សម្លាប់ក្រពើទាំងនោះធ្វើឡើងដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋក៏ដោយ ប៉ុន្តែសកម្មភាពនេះបានស្តែងឱ្យឃើញពីការខ្វះខាតឧបករណ៍ ជំនាញ និងបច្ចេកទេសក្នុងការចាប់សត្វកាចសាហាវដោយសុវត្ថិភាព ដោយប្តូរមកប្រើវិធី «ផ្លូវកាត់» បាញ់សម្លាប់ចោលភ្លាមៗ ដែលជាការឆ្លើយតបបែបប្រថុយប្រថាន និងខ្វះការត្រៀមលក្ខណៈជាមុន។

លើសពីនេះ ការដែលសត្វសាហាវអាចរួចចេញពីកសិដ្ឋានចូលទៅក្នុងសហគមន៍បានយ៉ាងងាយស្រួល គឺជាការចោទសួរយ៉ាងធ្ងន់ធ្ធរលើវិធានការត្រួតពិនិត្យ និងការអនុវត្តច្បាប់លើកសិដ្ឋានឯកជនរបស់អាជ្ញាធរថៃ។ ភាពធូររលុង និងកង្វះវិធានការបង្ការជាមុននេះ បានបង្កើតជាហានិភ័យផ្ទាល់ដល់ជីវិតប្រជាពលរដ្ឋស្លូតត្រង់។

ទោះបីជាមានបទបញ្ជាផ្ទាល់ពីនាយករដ្ឋមន្ត្រីថៃ លោក អនុទិន ឆានវីរ៉ាកូល និងរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន ឱ្យរៀបចំកម្លាំងជំនាញចុះអន្តរាគមន៍យ៉ាងណាក៏ដោយ ក៏ប្រតិបត្តិការជាក់ស្តែងនៅតែមានចន្លោះប្រហោង ដោយក្រពើ ២ក្បាលទៀតនៅតែបន្តបាត់ខ្លួនក្នុងទឹក ហើយការដោះស្រាយតាមក្រោយបែបនេះ បានបង្ខំឱ្យប្រជាពលរដ្ឋត្រូវរស់នៅក្នុងការភ័យខ្លាចយ៉ាងខ្លាំង។

ជារួម វិបត្តិទឹកជំនន់នៅខេត្តស្រះកែវ មិនត្រឹមតែជាគ្រោះមហន្តរាយធម្មជាតិដែលបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងជីវិតមនុស្សប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជា «កញ្ចក់ឆ្លុះបញ្ចាំង» យ៉ាងច្បាស់អំពីភាពទន់ខ្សោយ និងចន្លោះប្រហោងនៃប្រព័ន្ធគ្រប់គ្រងគ្រោះអាសន្នរបស់ប្រទេសថៃផងដែរ៕

ប្រភព៖ MGR Online

Share.