បាងកក៖ យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Khaosod English នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ម្សិលម៉ិញ នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ លោក អនុទិន ឆានវីរ៉ាកុល បានបង្ហាញវត្តមានជិះទូកដើរចែកថង់អំណោយជូនប្រជាពលរដ្ឋនៅអាគារស្នាក់នៅ Khlong Chan ក្នុងខណ្ឌ បាងកាពិ ដែលកំពុងរងការលិចលង់ដោយទឹកជំនន់។ ទោះជាយ៉ាងណា សកម្មភាពដែលព្យាយាមច្នៃជារូបភាពថ្នាក់ដឹកនាំខ្វល់ខ្វាយពីសុខទុក្ខរាស្ត្រនេះ បែរជាស្តែងឱ្យឃើញយ៉ាងច្បាស់នូវភាពទន់ខ្សោយ គ្មានផែនការច្បាស់លាស់ និងការឆ្លើយតបមិនបានល្អនៃប្រព័ន្ធគ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋាភិបាលថៃទៅវិញ។

លោក អនុទិន បានអញ្ជើញទៅដល់ទីតាំងកើតហេតុនៅវេលាម៉ោងប្រមាណ ៦ល្ងាច ដោយមានការអមដំណើរពីអគ្គស្នងការរងនគរបាលជាតិ លោក Samran Nuanma រដ្ឋមន្ត្រីក្រសួងថាមពល លោក Eknat Promphan ព្រមទាំងក្រុមស្ម័គ្រចិត្ត “Sud Soi” និងកងកម្លាំងប្រដាប់អាវុធជាច្រើនរូប។ ការចាត់តាំងកម្លាំងចុះអមដំណើរយ៉ាងអធិកអធម ដើម្បីដើរចែកស្បៀងអាហារបន្តិចបន្តួចដល់ពលរដ្ឋដែលស្ទះជាប់តាមបន្ទប់ មិនបានជួយបិទបាំងនូវការបរាជ័យក្នុងការដោះស្រាយបញ្ហាស្នូលនោះឡើយ។

ខណៈប្រជាពលរដ្ឋកំពុងប្រឈមមុខនឹងការដាច់ទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃយ៉ាងធ្ងន់ធ្ងរ និងបានស្រែកអំពាវនាវសុំជំនួយជាបន្ទាន់ ព្រោះតែទឹកជំនន់បានកើនឡើងខ្ពស់ឆាប់រហ័ស ធ្វើឱ្យពួកគេពិបាកធ្វើដំណើរចេញទៅរកទិញអាហារ និងសម្ភារៈចាំបាច់។
ទង្វើនេះបានស្តែងឱ្យឃើញពីភាពយឺតយ៉ាវ និងការខ្វះការត្រៀមលក្ខណៈជាប្រព័ន្ធ ដោយទុកឱ្យប្រជាជនរងទុក្ខវេទនា ក្នុងពេលដែលអាជ្ញាធរនៅតែបន្តរៀបរាប់ពីនីតិវិធីលើក្រដាស។

ភាពអត់ធ្មត់របស់ប្រជាជនបានឈានដល់កម្រិតកំណត់ នៅពេលបុរសម្នាក់នៅក្នុងអាគារស្នាក់នៅបានស្រែកសួរចំៗទៅកាន់លោក អនុទិន ថា «តើលោកមកធ្វើអ្វីនៅទីនេះ?»។ សំណួរដ៏តឹងសរសៃកនេះប្រៀបដូចជាភាសាដ៏មុតស្រួចចាក់ចំមន្ត្រីជាន់ខ្ពស់រូបនេះ ប៉ុន្ដែដើម្បីបិទបាំងភាពអាម៉ាស់ និងការទ័លច្រក ក្រុមការងារបានប្រញាប់ស្រែកតបវិញទាំងស្អកកថា «ពួកយើងយកទឹកមកជូនអ្នក» ខណៈដែលកងកម្លាំងការពារសុវត្ថិភាពបានស្ទុះទៅបាំងមុខបុរសនោះ និងលោកនាយករដ្ឋមន្ត្រីភ្លាមៗ។

ទោះបីជាមានការចូលរួមពីកងកម្លាំងយោធា និងអាជ្ញាធរពាក់ព័ន្ធ ក្នុងការដឹកជញ្ជូនស្បៀងអាហារក៏ដោយ ប៉ុន្តែសកម្មភាពទាំងនេះមិនអាចលុបលាងរូបភាព «ការសម្តែងយករូបភាព» បានឡើយ។ ការចុះចែកអំណោយបណ្តោះអាសន្នដោយគ្មានដំណោះស្រាយយូរអង្វែង មិនត្រឹមតែមិនអាចដោះស្រាយវិបត្តិបាននោះទេ ប៉ុន្តែថែមទាំងស្តែងឱ្យឃើញកាន់តែច្បាស់ថា រដ្ឋាភិបាលថៃកំពុងប្រើប្រាស់ទុក្ខសោករបស់ប្រជាជនធ្វើជាឆាកល្ខោននយោបាយ ខណៈពលរដ្ឋត្រូវបន្តរស់នៅក្នុងផ្ទះលិចទឹកស្អុយដោយគ្មានទឹកស្អាត គ្មានអគ្គិសនីប្រើប្រាស់ និងមិនអាចធ្វើដំណើរចេញទៅណាបាន៕

