ភ្នំពេញ ៖ ក្នុងបរិយាកាសនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រចាំឆ្នាំ២០២៦ នេះ នៅតាមបណ្ដាវត្តអារាមនានាទូទាំងប្រទេសកម្ពុជា មិនត្រឹមតែជាទីកន្លែងសម្រាប់ប្រជាពុទ្ធបរិស័ទជួបជុំគ្នាធ្វើបុណ្យទានឧទ្ទិសកុសលជូនចំពោះបុព្វការីជន មាតាបិតា និងញាតិសន្តានដែលបានចែកឋានទៅប៉ុណ្ណោះទេ ប៉ុន្តែព្រះសង្ឃ និងគណៈកម្មការវត្ត ក៏បានអំពាវនាវ និងជំរុញយ៉ាងទទូចដល់ពុទ្ធបរិស័ទទាំងអស់ ឱ្យរួមចិត្តគ្នានឹកគុណ និងឧទ្ទិសផលបុណ្យផលកុសលជូនដល់ «បងប្អូនវីរកងទ័ពកម្ពុជា» ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ក្នុងបេសកកម្មការពារបូរណភាពទឹកដី។

ផ្ដើមចេញពីស្មារតីស្នេហាជាតិ និងការចងចាំយ៉ាងជ្រាលជ្រៅ តាមបណ្ដាវត្តអារាមជាច្រើនបានរៀបចំពិធីបង្សុកូល និងរាប់បាត្រដោយកត់ត្រាការឧទ្ទិសជាពិសេសដល់ដួងវិញ្ញាណក្ខន្ធកងកម្លាំងការពារជាតិ។ ពុទ្ធបរិស័ទជាច្រើនដែលបានទៅធ្វើបុណ្យ បានលើកហត្ថប្រណមផ្សាយបួងសួងប្រកបដោយក្ដីក្ដុកក្ដួលថា ៖

«ដោយបុណ្យកុសលដែលខ្ញុំបានធ្វើហើយក្នុងកាន់បិណ្ឌ ១ថ្ងៃនេះ សូមលើកហត្ថប្រណមគោរពឧទ្ទិកុសលផលបុណ្យដល់បងប្អូនវីរកងទ័ពទាំងអស់ដែលបានពលីក្នុងសមរភូមិការពារមាតុភូមិ សូមឱ្យបានបដិសន្ធិក្នុងឋានដ៏ប្រសើរ»។

ការអំពាវនាវឱ្យមានការឧទ្ទិសកុសលជាពិសេសនាឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ បានរំលឹកឡើងវិញនូវព្រឹត្តិការណ៍ជម្លោះប្រដាប់អាវុធតាមព្រំដែនកម្ពុជា-ថៃ កាលពីឆ្នាំ២០២៥ កន្លងទៅ ដែលក្នុងព្រឹត្តិការណ៍នោះ ប្រទេសជាតិបានកត់ត្រានូវវីរភាព និងការបាត់បង់កងទ័ពនិងកងកម្លាំងការពារជាតិកម្ពុជាជាច្រើនរូប ក្នុងពេលបំពេញភារកិច្ចការពារអធិបតេយ្យភាព និងបូរណភាពទឹកដីនៅជួរមុខ។

ព្រះចៅអធិការ និងព្រះសង្ឃនាយកតាមវត្តអារាមនានា បានមានថេរដីកាថា ការធ្វើបុណ្យឧទ្ទិសកុសលដល់វីរយុទ្ធជនពលី គឺជាការបង្ហាញនូវ «កតញ្ញូកតវេទិតាធម៌» យ៉ាងខ្ពង់ខ្ពស់របស់ប្រជាជាតិកម្ពុជា ចំពោះអ្នកដែលបានស្ម័គ្រចិត្តធ្វើជាសមរភូមិបាំងការពារសន្តិភាព និងសុវត្ថិភាពជូនប្រជាជននៅខាងក្រោយ។ ស្មារតីនៃការធ្វើបុណ្យកាន់បិណ្ឌឆ្នាំ២០២៦ នេះ មិនត្រឹមតែជួយទ្រទ្រង់ជំនឿផ្នែកសាសនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចិត្ត និងជាការចងចាំជាប្រវត្តិសាស្ត្រមួយដែលស្តែងឱ្យឃើញពីភាពសាមគ្គីគ្នារវាងសមរភូមិមុខ និងសមរភូមិក្រោយយ៉ាងរឹងមាំផងដែរ៕

Share.