កំណាយបុរាណវិទ្យានៅប្រាសាទបន្ទាយក្តី បានប្រទះឃើញនូវពុទ្ធបដិមាដែលត្រូវគេកប់ចោលសរុបចំនួន ២៧៤ អង្គ/ដុំ ដែលជាភស្តុតាងប្រវត្តិសាស្ត្រដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ស្តែងពីការប្រែប្រួលសាសនាក្នុងសម័យអង្គរ។ បច្ចុប្បន្ន សម្បត្តិវប្បធម៌ទាំងនេះ ត្រូវបាននាំយកមកដាក់តាំងបង្ហាញជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ សិស្ស និងនិស្សិត បានចូលទស្សនាសិក្សាឈ្វេងយល់នៅក្នុងសារមន្ទីរ ព្រះនរោត្តម សីហនុ-អង្គរ ខេត្តសៀមរាប។

តាមការរៀបរាប់របស់អ្នកបច្ចេកទេសនៅក្នុងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានឱ្យដឹងថា ដើមឡើយ ក្នុងឆ្នាំ២០០១ សាកលវិទ្យាល័យសូហ្វីយ៉ា (Sophia University) បានធ្វើកំណាយនៅប្រាសាទបន្ទាយក្តី ក្នុងគោលបំណងសិក្សាអំពីប្រព័ន្ធរំដោះទឹកស្ថាបត្យកម្មខ្មែរបុរាណពេលមានភ្លៀងធ្លាក់ ប៉ុន្តែជាចៃដន្យក៏បានប្រទះឃើញរណ្តៅកប់ពុទ្ធបដិមាទាំង ២៧៤ ដុំនេះតែម្តង។ ការកប់ចោល និងបំផ្លិចបំផ្លាញពុទ្ធបដិមាទាំងនេះ កើតឡើងដោយសារការផ្លាស់ប្តូរសាសនាផ្លូវការ ពីព្រះពុទ្ធសាសនាមហាយានក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ទៅជាព្រហ្មញ្ញសាសនាវិញក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៨។
ពុទ្ធបដិមាដែលត្រូវបានកាយឃើញ និងកំពុងដាក់តាំងបង្ហាញទាំងនោះ រួមមាន ៣ រចនាបថសំខាន់ៗ ដែលមានលក្ខណៈសម្គាល់ខុសៗគ្នាដូចខាងក្រោម៖ រចនាបថបាពួន៖ ព្រះអង្គគង់សមាធិបើកព្រះនេត្រ មានព្រះកាយតូច ចង្កេះតូច ដើមទ្រូងបើក ភ្នួងសក់មានរាងដូចគ្រាប់ពោត ឬគ្រាប់ឈូក មានពុកមាត់ ពុកចង្កា និងគ្រងស្បង់គ្របស្មាទាំងសងខាង (ពេលខ្លះមានដាំត្បូង)។
រចនាបថអង្គរវត្ត៖ ព្រះអង្គគង់សមាធិបើកព្រះនេត្រ ដោយទ្រង់គ្រឿងអលង្ការយ៉ាងប្រណីតដូចជា ពាក់ម្កុដ (មុកុដៈ) ក្បាំង ព្រះកវិល សុរងក ស្នាប់ដៃ កងដៃ និងកងជើង ដូចទៅនឹងចម្លាក់នៅលើប្រាសាទអង្គរវត្តដែរ (ទោះបីជាឆ្លាក់ក្នុងសម័យបាយ័ន ប៉ុន្តែយកលំនាំតាមរចនាបថអង្គរវត្តមុន)។ រចនាបថបាយ័ន៖ ជាបដិមានៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដោយព្រះអង្គគង់សមាធិបិទព្រះនេត្រ លែងមានគ្រឿងអលង្ការលើសលប់ (នៅសល់តែព្រះកវិល) ភ្នួងសក់ប្រែជា «មូលី» មានរាងថ្នាក់ៗ ហើយស្បង់ត្រូវបានគ្រងឈៀងស្មាម្ខាង។
អ្នកជំនាញបានបញ្ជាក់ថា ពុទ្ធបដិមាសម័យអង្គរទាំងនេះ គឺស្ថិតនៅក្នុងព្រះពុទ្ធសាសនាមហាយានទាំងអស់។ ក្រៅពីការដាក់បង្ហាញពុទ្ធបដិមានៃរចនាបថទាំង៣ សារមន្ទីរ ព្រះនរោត្តម សីហនុ-អង្គរ ក៏មានដាក់តាំងបង្ហាញនូវព្រះពុទ្ធភៃសជ្យគុរុ ថ្មគោលពុទ្ធសាសនាដែលមានរូបព្រះពុទ្ធ ១០០៨ អង្គ ព្រមទាំងទម្រង់កាយវិការផ្សេងៗដូចជា សមាធិ, អភយមុទ្រ, និងភូមិស្បដិមាមុទ្រ (ផ្ចាញ់មារ) ដើម្បីទុកជាកន្លែងសិក្សាស្រាវជ្រាវដ៏មានតម្លៃសម្រាប់សិស្ស និស្សិត និងមហាជនទូទៅ៕
ប្រភព៖ https://youtu.be/afeTs-gA2X0
