ភ្លៀងធ្លាក់ខ្លាំងបន្តបន្ទាប់ ដោយសារប្រព័ន្ធសម្ពាធទាប បានបង្កឱ្យមានទឹកជំនន់ និងការបាក់ដីនៅតាមភូមិជាង ៦០ ក្នុងតំបន់តាណាំងថារី ភាគខាងត្បូងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីថ្ងៃទី២៤ ខែកញ្ញា។ គ្រោះធម្មជាតិនេះបានសម្លាប់មនុស្សយ៉ាងតិច ១៣នាក់ និងបាត់ខ្លួនជាង ៣០នាក់ ខណៈការខូចខាតផ្លូវស្ពានកំពុងរារាំងដល់កិច្ចប្រតិបត្តិការសង្គ្រោះ។

តំបន់ដែលរងគ្រោះធ្ងន់ធ្ងរជាងគេរួមមាន ស្រុកដាវី (Dawei) ឡុងឡូន (Launglon) និងថាយ៉េតឆោង (Thayetchaung)។ ក្នុងនោះ ស្រុកឡុងឡូន មានអ្នកស្លាប់ច្រើនជាងគេរហូតដល់ ១០នាក់ ដោយសារការបាក់ដីសង្កត់លើអគារ និងវត្តអារាម។ បន្ថែមពីនេះ ផ្ទះសម្បែងជាង ៥០ខ្នង និងស្ពានចំនួន ៨កន្លែងត្រូវរងការខូចខាត រួមទាំងស្ពានកានយីនសូន លើផ្លូវជាតិលេខ៨ ដែលជាខ្សែផ្លូវសេដ្ឋកិច្ចតភ្ជាប់រវាងទីក្រុងដាវី និងម៉េអ៊ិច។

បច្ចុប្បន្ន ការបាក់ដីបានបិទផ្លូវចូលភូមិជាច្រើន ដែលតម្រូវឱ្យក្រុមសង្គ្រោះត្រូវធ្វើដំណើរដោយថ្មើរជើង ដើម្បីចូលទៅដល់តំបន់ដាច់ស្រយាល។ លើសពីនេះ បញ្ហាជម្លោះប្រដាប់អាវុធផ្ទៃក្នុង និងការខ្វះខាតធនធានសង្គ្រោះ កាន់តែធ្វើឱ្យការវាយតម្លៃការខូចខាត និងការជួយសង្គ្រោះជនរងគ្រោះជួបការលំបាកទ្វេដង។

អាជ្ញាធរឧតុនិយមមីយ៉ាន់ម៉ា បានព្រមានពីឥទ្ធិពលខ្យល់មូសុងនិរតីខ្លាំង និងតំបន់សម្ពាធទាបនៅសមុទ្រ Andaman ដែលអាចបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតនៅទូទាំងប្រទេសរហូតដល់ចុងខែកញ្ញា ដោយបានក្រើនរំលឹកដល់ប្រជាពលរដ្ឋរស់នៅជិតតំបន់ភ្នំ និងដងទន្លេឱ្យមានការប្រុងប្រយ័ត្នខ្ពស់។ ជាមួយគ្នានេះ ឥទ្ធិពលប្រព័ន្ធអាកាសធាតុដូចគ្នានេះ ក៏បានបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំងជិត ៤៨ម៉ោងនៅទីក្រុងបាងកក ប្រទេសថៃ ដែលនាំឱ្យមានការប្រកាសអាសន្នស្ថានភាពគ្រោះមហន្តរាយទឹកជំនន់ នៅក្នុងរដ្ឋធានីមួយនេះផងដែរ៕

ប្រភព៖ Thairath

Share.