កំពង់ចាម៖ គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ខេត្តកំពង់ចាម បានបើកកិច្ចប្រជុំពិនិត្យ និងធ្វើបច្ចុប្បន្នភាពទិន្នន័យអចលនទ្រព្យរដ្ឋ ព្រមទាំងពិនិត្យការងារគ្រប់គ្រងដីធ្លីនៅទូទាំងខេត្ត ដើម្បីធានាឱ្យការប្រើប្រាស់ និងគ្រប់គ្រងអចលនទ្រព្យរដ្ឋមានភាពច្បាស់លាស់ និងមានប្រសិទ្ធភាព។ កិច្ចប្រជុំនេះធ្វើឡើងនាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកំពង់ចាម ក្រោមការដឹកនាំរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីតំណាងមន្ទីរ និងអង្គភាពពាក់ព័ន្ធជុំវិញខេត្ត។

ក្នុងកិច្ចប្រជុំ ឯកឧត្តម អ៊ុន ចាន់ដា បានគូសបញ្ជាក់ពីសារសំខាន់នៃការគ្រប់គ្រង ការចុះបញ្ជី និងការធ្វើបច្ចុប្បន្នភាពទិន្នន័យអចលនទ្រព្យឱ្យបានច្បាស់លាស់ និងទាន់ពេលវេលា ដើម្បីធានាតម្លាភាព សុវត្ថិភាពផ្លូវច្បាប់ និងប្រសិទ្ធភាពក្នុងការប្រើប្រាស់អចលនទ្រព្យទាំងបច្ចុប្បន្ន និងអនាគត។ ជាមួយគ្នានេះ តំណាងមន្ទីរ និងអង្គភាពជុំវិញខេត្ត ត្រូវបានផ្តល់ឱកាសឱ្យលើកឡើងពីបញ្ហាប្រឈម ការលំបាក និងសំណូមពរពាក់ព័ន្ធនឹងទីតាំងដីធ្លី ឬទីស្តីការរបស់អង្គភាព ដើម្បីរួមគ្នាពិភាក្សា ផ្លាស់ប្តូរយោបល់ និងស្វែងរកដំណោះស្រាយសមស្រប។

ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា អាជ្ញាធរខេត្តតែងយកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួលដល់មន្ទីរ-អង្គភាពនានា ក្នុងការបំពេញភារកិច្ច និងមានទីតាំងធ្វើការសមរម្យ។ ជាមួយគ្នានេះ ឯកឧត្តមបានណែនាំដល់មន្ទីរ-អង្គភាពពាក់ព័ន្ធ ឱ្យបន្តសហការគ្នាឱ្យបានជិតស្និទ្ធ ស្រាវជ្រាវ និងប្រមូលព័ត៌មាន ព្រមទាំងផ្ទៀងផ្ទាត់ឯកសារពាក់ព័ន្ធឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យការងាររៀបចំដែនដី និងការគ្រប់គ្រងអចលនទ្រព្យក្នុងខេត្តប្រព្រឹត្តទៅដោយរលូន និងជៀសវាងការជាន់ដែនសមត្ថកិច្ច ឬជាន់គ្នាលើទីតាំងដីធ្លី។

ការធ្វើបច្ចុប្បន្នភាពទិន្នន័យ និងការផ្ទៀងផ្ទាត់ឯកសារអចលនទ្រព្យ ត្រូវបានចាត់ទុកថាជាផ្នែកសំខាន់មួយសម្រាប់ឱ្យការគ្រប់គ្រងដីធ្លីរបស់ខេត្តមានភាពច្បាស់លាស់ និងអាចប្រើប្រាស់ជាមូលដ្ឋានសម្រាប់ការរៀបចំ និងដោះស្រាយបញ្ហាពាក់ព័ន្ធនឹងអចលនទ្រព្យរបស់មន្ទីរ-អង្គភាពនានា៕

