បាងកក៖ សភាពការណ៍ទឹកជំនន់នៅក្នុងប្រទេសថៃ បានឈានដល់កម្រិតអាសន្នសារជាថ្មី បន្ទាប់ពីនាយកដ្ឋានការពារ និងបន្ធូរបន្ថយគ្រោះមហន្តរាយថៃ (DDPM) បានប្រកាសអាសន្នបន្ទាន់ដល់ប្រជាពលរដ្ឋក្នុងខេត្ត Ang Thong និងតំបន់ជុំវិញថា ទំនប់ទឹក Chao Phraya ត្រូវបង្កើនល្បឿននៃការបញ្ចេញទឹកដល់ ២,២០០ម៉ែត្រគូបក្នុងមួយវិនាទី ដែលបណ្តាលឱ្យកម្ពស់ទឹកក្នុងទន្លេ Chao Phraya កើនឡើងបន្ថែមពី ១ ទៅ ១.២ម៉ែត្រ។

ការបង្កើនល្បឿនបញ្ចេញទឹកនេះ បាននិងកំពុងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់តំបន់សងខាងទន្លេ និងប្រឡាយរង នៅក្នុងស្រុកចំនួន ៤ នៃខេត្ត Ang Thong រួមមាន ស្រុក Pa Mok, Wiset Chai Chan, Mueang Ang Thong និង Chaiyo ដែលកំពុងរងគ្រោះដោយទឹកជំនន់ស្រាប់។
អាជ្ញាធរបានប្រកាសឱ្យប្រជាពលរដ្ឋប្រញាប់ប្រញាល់ឡើងរកទីទួលសុវត្ថិភាព និងប្រុងប្រយ័ត្នចំពោះក្រុមមនុស្សងាយរងគ្រោះ ព្រមទាំងបានផ្ញើសារប្រកាសអាសន្ន តាមបណ្តាញទូរស័ព្ទចល័តផងដែរ។

យោងតាមទិន្នន័យពីមជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់គិតត្រឹមថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០២៦ គ្រោះទឹកជំនន់ដែលកើតចេញពីភ្លៀងធ្លាក់ខ្លាំង និងទឹកហូរធ្លាក់ពីភាគខាងជើង បានវាយប្រហារលើខេត្តចំនួន ២៩ និងខណ្ឌទាំង ៥០ ក្នុងរាជធានីបាងកក។ សរុបមាន ១៦៧ស្រុក, ៨៩០ឃុំ-សង្កាត់ និង ៥,០៧៧ភូមិរងផលប៉ះពាល់ ដោយជះឥទ្ធិពលដល់ប្រជាពលរដ្ឋប្រមាណ ៩៤០,៣០០គ្រួសារ ឬស្មើនឹង ២.៦លាននាក់។

ជុំវិញវិបត្តិនេះ លោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ បានចេញមុខថ្លែងអំណរគុណ និងសុំទោសជាសាធារណៈចំពោះប្រជាពលរដ្ឋដែលរងទុក្ខវេទនាដោយសារទឹកជំនន់។ លោកបានបញ្ជាក់ថា រដ្ឋាភិបាលរីករាយទទួលយកការរិះគន់ពីមហាជន ដោយមិនបាក់ទឹកចិត្តឡើយ ហើយនឹងពន្លឿនការបូម និងបបង្ហូរទឹកចេញឱ្យបានឆាប់រហ័សបំផុត ព្រមទាំងរៀបចំផែនការស្តារឡើងវិញ និងផ្តល់ប្រាក់សំណងដល់ជនរងគ្រោះផងដែរ។
ប៉ុន្ដែទោះបីជានាយករដ្ឋមន្ត្រីថៃបានចេញមុខសុំទោស និងប្តេជ្ញាចិត្តដោះស្រាយយ៉ាងណាក៏ដោយ ប៉ុន្តែព្រឹត្តិការណ៍នេះបានចោទជាសំណួរ និងការរិះគន់យ៉ាងខ្លាំងលើប្រសិទ្ធភាពនៃការគ្រប់គ្រងគ្រោះមហន្តរាយរបស់អាជ្ញាធរថៃ។ ការផ្ញើសារប្រកាសអាសន្នបន្ទាន់ ទៅកាន់ប្រជាពលរដ្ឋនៅពេលល្ងាច បន្ទាប់ពីការសម្រេចចិត្តបង្កើនល្បឿនបញ្ចេញទឹកយ៉ាងគំហុក បង្ហាញឱ្យឃើញយ៉ាងច្បាស់ពីគម្លាត និងភាពខ្វះខាតនៃការរៀបចំផែនការទុកជាមុន។ ការកើនឡើងនៃកម្ពស់ទឹកភ្លាមៗដល់ទៅជាងមួយម៉ែត្រក្នុងរយៈពេលខ្លី បានបង្កការលំបាកយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ ជាពិសេសមនុស្សចាស់ និងជនពិការ ដែលពិបាកក្នុងការជម្លៀសខ្លួន និងរៀបចំអីវ៉ាន់បានទាន់ពេលវេលា។

ទន្ទឹមនឹងនេះ ថ្វីបើប្រទេសថៃមានហេដ្ឋារចនាសម្ព័ន្ធទំនប់ទឹកធំៗ និងបច្ចេកវិទ្យាកម្រិតខ្ពស់ក៏ដោយ ការដោះស្រាយបញ្ហាយ៉ាងប្រញាប់ប្រញាល់ដោយគ្រាន់តែបើកទឹកទម្លាក់ទៅតំបន់ខាងក្រោម បានឆ្លុះបញ្ចាំងថាប្រព័ន្ធបង្វែរទឹក និងការទប់ស្កាត់ទឹកជំនន់ជាលក្ខណៈរួមនៅតែមានភាពទន់ខ្សោយ និងខ្វះប្រសិទ្ធភាព ដែលធ្វើឱ្យតំបន់កសិកម្ម និងសហគមន៍នៅផ្នែកខាងក្រោមទន្លេ Chao Phraya ត្រូវរ៉ាប់រងបន្ទុក និងរងគ្រោះជារឿយៗ។ លើសពីនេះ វិធានការដោះស្រាយភ្លាមៗរបស់អាជ្ញាធរនៅតែពឹងផ្អែកខ្លាំងលើការឱ្យប្រជាពលរដ្ឋរ៉ាប់រងខ្លួនឯង និងរង់ចាំតែការជួយសង្គ្រោះពីអាជ្ញាធរមូលដ្ឋានថ្នាក់ភូមិឃុំ ដែលជារឿយៗខ្វះខាតមធ្យោបាយ និងសម្ភារឧបទេសគ្រប់គ្រាន់ក្នុងការឆ្លើយតបនឹងគ្រោះមហន្តរាយទ្រង់ទ្រាយធំដែលប៉ះពាល់ដល់មនុស្សរហូតដល់ ២.៦លាននាក់នេះ។
គិតត្រឹមថ្ងៃទី២៩ ខែកញ្ញា ម្សិលម៉ិញ តួលេខមនុស្សស្លាប់ នៅថៃ ព្រោះទឹកជំនន់ បានកើនដល់ ២៣នាក់ហើយ ក្នុងនោះមាន ៤នាក់ស្លាប់នៅបាងកក ខណៈទិន្នន័យពី ផ្កាយរណប បង្ហាញថា ផ្ទៃដីរហូតដល់ទៅជាង ២៦០ ៨០០ហិកតា នៅទូទាំង ២៩ខេត្ត ត្រូវទឹកជន់លិច៕
ប្រភព៖ Amarin TV , Khaosod English

