សៀមរាប៖ ទីបញ្ជាការដ្ឋានយោធភូមិភាគទី៤ បានរៀបចំពិធីប្រកាសសមាសភាព និងយន្តការគណៈកម្មការកាតព្វកិច្ចយោធាចំណុះយោធភូមិភាគទី៤ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បពង្រឹងយន្តការ និងត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការអនុវត្តច្បាប់ស្ដីពីកាតព្វកិច្ចយោធា ឱ្យសម្រេចបាននូវប្រសិទ្ធភាពខ្ពស់តាមបទបញ្ជារបស់ថ្នាក់ដឹកនាំ។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហែង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ ដោយមានការចូលរួមពី លោក ឧត្តមសេនីយ៍ទោ ឡុង ណាលីន នាយករងទីចាត់ការបុគ្គលិកអគ្គបញ្ជាការដ្ឋាន និងជាសមាជិកលេខាធិការដ្ឋានគណៈកម្មការកាតព្វកិច្ចយោធាក្រសួងការពារជាតិ ព្រមទាំងនាយទាហាន ពលទាហាន និងសមាជិក សមាជិកាគណៈកម្មការពាក់ព័ន្ធយ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ឡុង ណាលីន នាយករងទីចាត់ការបុគ្គលិកអគ្គបញ្ជាការដ្ឋាន និងជាសមាជិកលេខាធិការដ្ឋានគណៈកម្មការ កាតព្វកិច្ចយោធា បានធ្វើបទបង្ហាញដោយបានលើកឡើងនិងបញ្ជាក់ ច្បាស់អំពីច្បាប់កាតព្វកិច្ចយោធាដែលតម្រូវឲ្យយុវជនចាប់ពីរអាយុ ១៨ ឆ្នាំដល់ ២៥ ឆ្នាំត្រូវតែចូលរួមដោយខានមិនបាន។លោកបានលើកឡើងបញ្ជាក់បន្ថែមអំពីភាពខុសគ្នារវាងយោធិនអាជីព និង យោធិនបំពេញកាតព្វកិច្ចយោធា និង ល័ក្ខខណ្ឌតម្រូវទាំងឡាយដែលមានចែងក្នុងច្បាប់កាតព្វកិច្ចយោធា ។

បន្ថែមលើសពីនេះ លោកឧត្តមសេនីយ៍ទោ ឡុង ណាលីន បានមានមតិផ្ដាំផ្ញើដល់អង្គពិធីឱ្យមានការត្រៀមលក្ខណៈសម្បត្តិឲ្យបានគ្រប់គ្រាន់ដើម្បីឆ្លើយតបនឹងផែនការ នៃការបំពេញកាតព្វកិច្ចយោធាតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ។


ជាទីបញ្ចប់ ថ្នាក់ដឹកនាំអង្គពិធីបានតម្រូវឱ្យសមាជិក សមាជិកានៃគណៈកម្មការកាតព្វកិច្ចយោធាយោធភូមិភាគទី៤ ទាំងអស់ ត្រូវបង្កើនស្មារតីទទួលខុសត្រូវខ្ពស់ បំពេញភារកិច្ចចំពោះមុខប្រកបដោយភាពម៉ឺងម៉ាត់ តម្លាភាព និងប្រជាភិថុតិ ដើម្បីធានាឱ្យដំណើរការអនុវត្តច្បាប់កាតព្វកិច្ចយោធានៅក្នុងភូមិសាស្ត្រយោធភូមិភាគទី៤ ទទួលបានជោគជ័យតាមការប្រគល់ភារកិច្ចរបស់អគ្គបញ្ជាការដ្ឋាន និងក្រសួងការពារជាតិ៕

Share.