តាមការចុះផ្សាយរបស់ South China Morning Post នាពេលថ្មីៗនេះបានឱ្យដឹងថា ក្រសួងការពារជាតិចិនបានប្រកាសជាផ្លូវការកាលពីថ្ងៃអង្គារម្សិលមិញថា ចិនបានបើកដំណើរការ «មជ្ឈមណ្ឌលគាំទ្រ និងហ្វឹកហ្វឺនរួមគ្នាចិន-ឡាវ» ព្រមទាំង «វិទ្យាស្ថានអាកាសចរណ៍មិត្តភាពចិន-ឡាវ» នៅឯព្រលានយន្តហោះ បានឃើន (Ban Keun) ក្នុងខេត្តវៀងចន្ទន៍ ប្រទេសឡាវ ដើម្បីជួយបណ្តុះបណ្តាលអ្នកបើកបរយន្តហោះចម្បាំង និងពង្រឹងសមត្ថភាពយោធាអាកាសរបស់ឡាវ។

ការបង្កើតគ្រឹះស្ថានយោធារួមគ្នានេះ ត្រូវបានគេមើលឃើញថាជាការឈានជើងពង្រីកឥទ្ធិពល និងវត្តមានយោធាចិននៅក្រៅប្រទេសយ៉ាងសំខាន់មួយទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីការបង្កើតមជ្ឈមណ្ឌលហ្វឹកហ្វឺន និងគាំទ្ររួមគ្នានៅមូលដ្ឋានទ័ពជើងទឹករាម ក្នុងប្រទេសកម្ពុជា និងបានដាក់សម្ពោធកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥។

ក្រសួងការពារជាតិចិនបានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះធ្វើឡើងនៅលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក ស្របតាមច្បាប់ជាតិ និងអន្តរជាតិ ហើយមិនតម្រង់ទិសប្រឆាំងនឹងប្រទេសទីបីណាមួយឡើយ គឺដើម្បីតែការពង្រឹងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី និងរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ប៉ុណ្ណោះ។

គួរបញ្ជាក់ថា ព្រលានយន្តហោះ Ban Keun មានចម្ងាយប្រមាណ ៤៥គីឡូម៉ែត្រ ខាងជើងរដ្ឋធានីវៀងចន្ទន៍ ដែលពីមុនជាទីតាំងយុទ្ធសាស្ត្រគាំទ្ររបស់អាមេរិកក្នុងសម័យសង្គ្រាមឥណ្ឌូចិន។ ការបើកមជ្ឈមណ្ឌលទ័ពអាកាសនេះ នឹងជួយលើកកម្ពស់សមត្ថភាពកងទ័ពអាកាសឡាវ ដែលបច្ចុប្បន្នមានយន្តហោះ និងកងកម្លាំងក្នុងកម្រិតកំណត់ និងតែងតែពឹងផ្អែកលើការហ្វឹកហ្វឺនពីដៃគូបរទេសដូចជា ចិន និងរុស្ស៊ី៕

Share.