ស្វាយរៀង៖ គណៈបញ្ជាការឯកភាពក្រុងស្វាយរៀង បានចុះរៀបចំសណ្តាប់ធ្នាប់ជុំវិញផ្សារវាលយន្ត ដោយអប់រំ និងណែនាំដល់ប្រជាពលរដ្ឋ និងអ្នកលក់ដូរ ឱ្យចូលរួមរៀបចំទីតាំងឱ្យមានរបៀបរៀបរយ រក្សាសោភ័ណភាព និងអនាម័យ ព្រមទាំងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។




តាមអាជ្ញាធរបានឱ្យដឹងថា អ្នកលក់ដូរមួយចំនួនបានយកចញ្ច្រែង តុ និងសម្ភារលក់ដូរមកដាក់លើផ្លូវសាធារណៈ បណ្តាលឱ្យបាត់បង់សណ្តាប់ធ្នាប់ និងសោភ័ណភាពជុំវិញផ្សារ ព្រមទាំងអាចបង្កការកកស្ទះចរាចរណ៍។
ក្នុងការចុះរៀបចំនេះ អាជ្ញាធរ និងសមត្ថកិច្ចបានណែនាំដល់អ្នកលក់ដូរ ឱ្យជៀសវាងការយកសម្ភារមកដាក់លើផ្លូវសាធារណៈ និងរៀបចំការលក់ដូរឱ្យមានសណ្តាប់ធ្នាប់។ ជាមួយគ្នានេះ អ្នកលក់ដូរត្រូវចូលរួមថែរក្សាអនាម័យ និងសោភ័ណភាពជុំវិញផ្សារ។
សកម្មភាពនេះធ្វើឡើង នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នៅជុំវិញផ្សារវាលយន្ត ក្រុងស្វាយរៀង ខេត្តស្វាយរៀង៕
អត្ថបទ៖ តាតុងសែនជ័យ

