ផ្អែកលើការឡើងថ្លែងការណ៍របស់តំណាងការទូតថៃប្រចាំអង្គការសហប្រជាជាតិ (UN) កាលពីពេលថ្មីៗនេះ ពាក់ព័ន្ធនឹងស្ថានភាពព្រំដែនកម្ពុជា ថៃ លោកសាស្ត្រាចារ្យ ឥន្ទ សុផល អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងជាអ្នកជំនាញទំនាក់ទំនងអន្តរជាតិ បានបង្ហោះចែករំលែកនៅលើបណ្តាញសង្គមផ្ទាល់ខ្លួន ដោយបានលាតត្រដាងនូវភស្តុតាងច្បាប់ និងកាលប្បវត្តិប្រវត្តិសាស្ត្រចំនួន ៦ ចំណុច ដែលជាឯកសារដ៏មានតម្លៃ ដើម្បីបដិសេធទាំងស្រុងនូវការថ្លែងរបស់ភាគីថៃ និងបង្ហាញការពិតជូនសាធារណមតិពិភពលោក៖


នៅក្នុងការបង្ហោះនោះ លោកសាស្ត្រាចារ្យបានចោទសួរដេញដោលត្រឡប់ទៅវិញថា មុននឹងនិយាយកុហក តើភាគីថៃបានពិនិត្យមើលហត្ថលេខារបស់អតីតរដ្ឋមន្ត្រីការបរទេសថៃ លោក អាសា សារ៉ាស៊ីន (Arsa Sarasin) ដែរឬទេ? លោកគឺជាអ្នកចុះហត្ថលេខាផ្ទាល់លើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងប្រទេសថៃ, ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) និងក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជា (SNC) កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ១៩៩១។ ខ្លឹមសារនៅក្នុង MoU ឆ្នាំ១៩៩១ នោះ បានរំលឹក និងផ្អែកលើសេចក្តីសម្រេចសំខាន់ៗរបស់ UN រួមមាន៖ សេចក្តីសម្រេចលេខ ៦៦៨ (១៩៩០) របស់ក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិ (ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៩០) និងសេចក្តីសម្រេចលេខ A/RES/45/3 របស់មហាសន្និបាតអង្គការសហប្រជាជាតិ (ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៩០) ស្តីពីស្ថានការណ៍នៅកម្ពុជា។


លោកសាស្ត្រាចារ្យបានគូសបញ្ជាក់ពីខ្លឹមសារឯកសារនោះថា មានភាពចាំបាច់ក្នុងការបញ្ចប់ការធ្វើមាតុភូមិនិវត្តន៍ក្រោមអនុស្សរណៈនេះ ឱ្យបានមុនកាលបរិច្ឆេទនៃការបោះឆ្នោតសកលនៅកម្ពុជា ដើម្បីឱ្យប្រជាជនកម្ពុជាអាចចូលរួមក្នុងការបោះឆ្នោតនោះបានច្រើនបំផុត។ ដោយឡែក តំបន់ប្រមូលផ្តុំត្រៀមចេញដំណើរនៅក្នុងប្រទេសថៃ ត្រូវបានគ្រោងជាចម្បងតែនៅទីតាំង Site 2, Site B, Site 8 និង Khao I Dang (ខាវអ៊ីដាង) តែប៉ុណ្ណោះ។ការដឹកជញ្ជូនជាក់ស្តែងបានចាប់ផ្តើមនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩២។ របាយការណ៍ផ្លូវការរបស់អង្គការសហប្រជាជាតិ (UN) បានបញ្ជាក់យ៉ាងច្បាស់ថា ចន្លោះថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩២ ដល់ខែមេសា ឆ្នាំ១៩៩៣ មានប្រជាជនកម្ពុជាសរុប ៣៨៧,១៨០ នាក់ បានធ្វើមាតុភូមិនិវត្តន៍វិលត្រឡប់មកកម្ពុជាវិញ ដោយក្នុងនោះមានរហូតដល់ ៣៨៥,១៧២ នាក់ ធ្វើដំណើរមកពីប្រទេសថៃ។ ប្រតិបត្តិការសំខាន់ទាំងស្រុងត្រូវបានបញ្ចប់នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៣ មុនការបោះឆ្នោតខែឧសភា ឆ្នាំ១៩៩៣។

លោកសាស្ត្រាចារ្យ ឥន្ទ សុផល បានចោទជាសំណួរដេញដោលដ៏មានទម្ងន់នៅលើបណ្តាញសង្គមទៀតថា៖ «តើមានជនភៀសខ្លួនកម្ពុជាឯណាទៅរស់នៅលើទឹកដីថៃរហូតមកដល់ពេលនេះ?» តាមការពិត ទីតាំងតំបន់ព្រំដែនរួមមាន ភូមិព្រៃចាន់, ភូមិជោគជ័យ, បឹងត្រកួន, អូភ្លុកដំរី, និងថ្មដា ព្រមទាំងតំបន់ផ្សេងទៀតដែលទាហានថៃកំពុងគ្រប់គ្រងនាពេលបច្ចុប្បន្ន គឺសុទ្ធសឹងតែស្ថិតនៅក្រោមរដ្ឋបាលភូមិស្រុកខេត្តរបស់កម្ពុជា តាំងពីមុនសម័យបារាំងរហូតមក។ ជាក់ស្តែងនៅក្នុងឆ្នាំ១៩៩៣ អាជ្ញាធរអន្តរកាលសហប្រជាជាតិប្រចាំកម្ពុជា (UNTAC) បានរៀបចំការបោះឆ្នោតនៅតំបន់ទាំងនោះរួចរាល់ទៅហើយ។ លោកបានសង្កត់ធ្ងន់ថា ប្រសិនបើភាគីថៃហ៊ានអះអាងថាតំបន់ទាំងនោះជាទឹកដីថៃ មានន័យថា UNTAC ឆ្នាំ១៩៩៣ ធ្វើដំណើរទៅរៀបចំការបោះឆ្នោតនៅលើទឹកដីថៃមែនដែរឬទេ?
ឆ្លងតាមរយៈភស្តុតាងច្បាប់ និងប្រវត្តិសាស្ត្រដែលមិនអាចកែប្រែបានខាងលើ លោកសាស្ត្រាចារ្យ ឥន្ទ សុផល បានសន្និដ្ឋានយ៉ាងម៉ឺងម៉ាត់នៅលើបណ្តាញសង្គមរបស់លោក នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ នេះថា ភាគីថៃកំពុងតែភូតកុហកពិភពលោក ដើម្បីបិទបាំងនូវទង្វើ និងអំពើឈ្លានពានខុសច្បាប់របស់ខ្លួនមកលើកម្ពុជាតែប៉ុណ្ណោះ។
ភស្តុតាងប្រវត្តិសាស្ត្រ និងឯកសារច្បាប់អន្តរជាតិដែលលាតត្រដាងដោយលោកសាស្ត្រាចារ្យ ឥន្ទ សុផល គឺជាទិន្នន័យយោងដ៏រឹងមាំ ដែលបង្ហាញយ៉ាងច្បាស់ពីស្ថានភាពពិតនៃបូរណភាពទឹកដី និងការគ្រប់គ្រងរដ្ឋបាលរបស់កម្ពុជាតាំងពីអតីតកាល។ ការផ្សព្វផ្សាយឡើងវិញនូវឯកសារប្រវត្តិសាស្ត្រទាំងនេះ គឺជាការរួមចំណែកផ្តល់នូវព័ត៌មានពិត និងមូលដ្ឋានច្បាប់ជាក់លាក់ដល់សាធារណជន ក្នុងការស្វែងយល់ពីតថភាពព្រំដែនរវាងប្រទេសទាំងពីរ ដោយផ្អែកលើអង្គហេតុពិតជាក់ស្តែង៕

