មណ្ឌលគិរី ៖ ដំរីព្រៃចំនួន២ក្បាល ធ្លាក់ចូលទឹកស្រះ ឡើងវិញមិនរួច ត្រូវបានកម្លាំងមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ជួយសង្គ្រោះ កាយដីធ្វើផ្លូវឱ្យដំរីឡើងចូលព្រៃវិញដោយសុវត្ថិភាព កាលពីព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ នៅចំណុចចុងរ៉ាង ស្ថិតក្នុងភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។



តាមមន្ត្រីបរិស្ថានបានឱ្យដឹងថា សត្វដំរីព្រៃចំនួន២ក្បាល ញី១ ឈ្មោល១ បានដើរចុះស្រះទឹក ដែលពលរដ្ឋជីកគ្រាន់យកទឹកប្រើប្រាស់ ឡើងវិញមិនរួច ដោយសារជ្រៅ ហើយត្រូវបានពលរដ្ឋប្រទះឃើញនៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ រាយការណ៍ទៅអាជ្ញាធរ ខាងមន្ទីរបរិស្ថាន ។
លោក ហាស់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឱ្យដឹងថា ដោយសារតែទីតាំងកើតហេតុមានភាពលំបាក និងជម្រៅស្រះទឹកជ្រៅ ក្រុមការងារ សហការជាមួយពលរដ្ឋក្នុងសហគមន៍ ត្រូវប្រើប្រាស់កម្លាំងបាយជីកដីបើកផ្លូវដោយដៃ អស់រយៈពេលជាង៤ម៉ោង ទើបអាចសម្រួលផ្លូវឱ្យសត្វដំរីព្រៃទាំង២ក្បាល មានលទ្ធភាពឡើងពីស្រះទឹក ចូលព្រៃវិញដោយសុវត្ថិភាព ៕
អត្ថបទ៖ តាតុងសែនជ័យ

