ពោធិ៍សាត់៖ ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ត្រូវបានប្រារព្ធឡើងនាព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែតុលា ឆ្នាំ២០២៦ នៅខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ ភ្ញៀវជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋជាច្រើនរូប។

ផ្លូវជាតិលេខ១០ មានប្រវែងសរុប ១៩៨,៥១៨គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៥៧-៧ ក្នុងខេត្តបាត់ដំបង ឆ្លងកាត់ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ៤៨ ក្នុងខេត្តកោះកុង។ ផ្លូវនេះត្រូវបានសាងសង់ជាប្រភេទផ្លូវ DBST មាន ២គន្លងទៅមក និងបានបញ្ចប់ការសាងសង់ជាស្ថាពរក្នុងអំឡុងខែឧសភា ឆ្នាំ២០២៥ បន្ទាប់ពីប្រើប្រាស់រយៈពេលសាងសង់ ៦៦ខែ។

ការបើកឱ្យប្រើប្រាស់ផ្លូវជាតិលេខ១០ មានគោលបំណងពង្រឹងការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនរវាងខេត្តបាត់ដំបង ពោធិ៍សាត់ និងកោះកុង កាត់បន្ថយចម្ងាយ និងពេលវេលាធ្វើដំណើរ សម្រួលការដឹកជញ្ជូនផលិតផល និងទំនិញកសិកម្ម ព្រមទាំងជំរុញការធ្វើដំណើរ និងសក្តានុពលទេសចរណ៍នៅតាមបណ្តោយផ្លូវ។

ផ្លូវជាតិលេខ១០ ត្រូវបានសាងសង់ឡើងជាខ្សែផ្លូវយុទ្ធសាស្ត្រ និងជាសរសៃឈាមសេដ្ឋកិច្ចថ្មីរបស់កម្ពុជា ដោយជួយភ្ជាប់តំបន់ភាគពាយ័ព្យទៅកាន់តំបន់ឆ្នេរសមុទ្រភាគនិរតី និងភ្ជាប់ជាមួយផ្លូវជាតិសំខាន់ៗមួយចំនួនទៀត។ ការតភ្ជាប់នេះបានជួយកាត់បន្ថយចម្ងាយធ្វើដំណើរពីខេត្តបាត់ដំបងទៅខេត្តកោះកុងបាន ៣០៦គីឡូម៉ែត្រ និងពីខេត្តប៉ៃលិនទៅខេត្តកោះកុងបាន ៣៧២គីឡូម៉ែត្រ៕

អត្ថបទ៖ ចតុម្មុខ

Share.